កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ ម្សិលមិញ គេហទំព័រផ្លូវការរបស់ពានរង្វាន់ AFF Suzuki Cup 2018 បានលាតត្រដាងនូវកីឡាករចំនួន ៨រូប ដែលបានបញ្ចេញសមត្ថភាពល្អ ក្នុងការប្រកួតមិត្តភាពកន្លងមករបស់ក្រុមជម្រើសជាតិពួកគេ មុនការប្រកួតផ្លូវការចូលមកដល់។
ក្នុងនោះមានកីឡាករកម្ពុជា ០២ រូប ដែល Suzuki Cup មើលឃើញ នោះគឺ ចាន់ វឌ្ឍនាកា និង ឈិន ឈឿន ។ នៅលើអត្ថបទនោះ ពួកគេបានសរសេរថាកីឡាករទាំងពីររូបនេះគឺជា អ្នកនាំលេងនៅក្នុងក្រុមជម្រើសជាតិកម្ពុជា ។
ជាក់ស្តែង វឌ្ឍនាកា ដែលបានដើរតួនាទីដ៏សំខាន់ ក្នុងប្រកួតទល់នឹងទីម័រខាងកើត ដោយបានស៊ុតចូលទី ១គ្រាប់ យ៉ាងអស្ចារ្យ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមមួយគ្រាប់ តាមស្មើ ២-២ ក្នុងនាទីគ្រោះថ្នាក់។ស្របជាមួយគ្នាដែរនោះ ឈិន ឈឿន ដែលជាខ្សែប្រយុទ្ធស្លាបដ៏រឹងមាំ គឺត្រូវបានគេមើលឃើញថា លេងយ៉ាងល្អជាមួយនឹងសមត្ថភាពក្នុងការញាក់បាល់ ក្រឡុកខ្សែការពារគូប្រកួតជាដើម ។
ខ្លឹមសារចុងក្រោយនៃអត្ថបទដដែលបានបញ្ជាក់ថា ប្រសិនជាកីឡាករទាំងពីររូបនេះ នឹងរួមគ្នាក្នុងតំបន់ប្រយុទ្ធ ក្នុងប្រកួតរបស់ AFF Suzuki Cup ច្បាស់ណាស់ការប្រកួតរបស់កម្ពុជា គឺប្រាកដជាការប្រកួតដ៏រីករាយក្នុងការទស្សនា ។
គួរបញ្ជាក់ថា ក្រៅពីកីឡាករទាំង ២រូបរបស់កម្ពុជា នេះ Suzuki Cup ក៏បានបង្ហាញកីឡាករលេចធ្លោជាច្រើនទៀតផងដែររួមមាន Mohamadou Sumareh របស់ម៉ាឡេស៊ី, Neil Etheridge, Michael Falkesgaard, Louie Casas របស់ហ្វីលីពីន, Evan Dimas របស់ឥណ្ឌូនេស៊ី និង Chalermpong Kerdkaew របស់ថៃ ៕