Man Utd អនុញ្ញាត​ឲ្យ Ronaldo ផ្លាស់​ទៅ​ក្លឹប​ថ្មី​បាន​លេង UCL តែ​ត្រូវ​ព្រម​លក្ខខណ្ឌ​នេះ

តារា​ឆ្នើម​ក្លឹប Manchester United គឺ Cristiano Ronaldo នៅ​មិន​ទាន់​សម្រេច​អនាគត​ច្បាស់​នៅ​ឡើយ ដ្បិត​បើ​កាលបរិច្ឆេទ​បិទ​ទ្វារ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ នៅ​សល់​ត្រឹម​រយៈ​ពេល ១ សប្តាហ៍​ទៀត។ ឥឡូវ​យើង​ទទួល​ដំណឹង​ថ្មី​ថា ភាគី​ក្លឹប​អាណាព្យាបាល​ព្រម​បើក​ភ្លើង​ខៀវ ឲ្យ CR7 ​ផ្លាស់​ចេញ​ទៅ​ហើយ តែ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

នេះ​ក៏​ទាមទារ​ឲ្យ Ronaldo ត្រូវ​ព្រម​ការ​បន្ត​កុងត្រា​ថ្មី​បន្ថែម ១ ឆ្នាំ​ទៀត ពី​លើ​សុពលភាព​កុងត្រា​ចាស់ ដែល​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ មាន​ន័យ​ថា ព្រម​ឲ្យ​ផ្ទេរ​ទៅ​ក្លឹប​ដទៃ តែ​នៅ​បញ្ចប់​រដូវ​កាល​បន្ទាប់ ត្រូវ​វិល​ត្រលប់​មក​ឈរ​ជើង​ឲ្យ​ក្លឹប​អាណាព្យាបាល​វិញ​ជា​កំហិត។

បើ​តាម​សារព័ត៌មាន The Mirror ចុះ​ផ្សាយ​ថា United ​កំពុង​សកម្ម​ក្នុង​ការ​ស្វែងរក​ក្លឹប​ថ្មី ដែល​អាច​ឲ្យ Ronaldo ជ្រកកោន​បាន ក៏​ដូច​ជា​អាច​លេង​ពាន​អឺរ៉ុប UEFA Champions League ជា​គោលដៅ​អាទិភាព​កីឡាករ​ចង់​បាន។ នៅ​សល់​តែ​ក្លឹប ៣ ប៉ុណ្ណោះ ដែល​ស្ថិត​ក្នុង​ការ​ចរចា ដំណាក់កាល​ចុង​ក្រោយ​រួម​មាន Chelsea, Atletico Madrid និង Sporting Lisbon ស្រប​ពេល PSG និង Bayern Munich គឺ​មិន​សង្ឃឹម​ឡើយ៕

ប្រភព៖ The Mirror

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT