Son ទទូចថា Tottenham មិនចុះចាញ់ក្នុងការដណ្ដើមកៅអី Top ៤ ទោះបរាជ័យបួនលើកជាប់ៗគ្នា

ប្រធានក្រុម Tottenham កីឡាករ Son Heung-min បានទទូចថា Spurs នឹងមិនចុះចាញ់ក្នុងការបានកៅអីទៅលេងក្របខ័ណ្ឌ Champions League បើទោះបីជាបានរងបរាជ័យ បួនលើកជាប់ៗគ្នាក៏ដោយ។Son បានព្រមានក្រុមទាំងមូលត្រូវតែនៅជាមួយគ្នា ហើយ “កាន់តែតឹងតែង និងរឹងមាំ” បន្ទាប់ពីការធ្លាក់ទម្រង់លេងដ៏ខ្លាំងនាពេលវេលាចុងក្រោយរបស់ពួកគេបានបន្សល់ទុកនូវឱកាស Top ៤​​ កាន់តែស្ដួចស្ដើង។ គ្រូបង្វឹកក្រុម Tottenham លោក Ange Postecoglou បានត្រួតពិនិត្យការបរាជ័យចំនួនបួនលើកជាប់ៗគ្នា ដែលជាដំណើរកាដ៏អាក្រក់បំផុតរបស់ក្លឹបក្នុងរយៈពេល ២០ឆ្នាំ ដែលនេះបានផ្ដល់ឱកាសឱ្យក្រុម Aston Villa ឡើងទៅកាន់តំណែងសម្រាប់ចំណាត់ថ្នាក់ទី៤ បានទៅលេងក្របខ័ណ្ឌ Champions League ។ Son បានអះអាងថាការបង្ហាញខ្លួនរបស់ពួកគេជាមួយ Liverpool គឺជាការប្រសើរឡើង បើទោះបីជាចាញ់ ៤-២ គាត់បានសារភាពថាវាមិនងាយស្រួលទេនៅពេលដែលអ្វីៗដំណើរការល្អ ហើយការសាកល្បងពិតប្រាកដគឺនៅពេលដែលមានការបរាជ័យ។ Son ខ្សែប្រយុទ្ធរបស់ Spurs រូបនេះបាននិយាយថា ៖

“គ្រប់គ្នាចង់លេង Champions League ប៉ុន្តែនៅមានការប្រកួតបីទៀតដែលត្រូវប្រឹងប្រែងដើម្បីយកឈ្នះ យើងត្រូវធ្វើអស់លទ្ធភាពនៅអ្វីគ្រប់យ៉ាង។ យើងមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ។ ពេលខ្លះបាល់ទាត់អាចជាអភិនិហា។ យើងបន្តជឿជាក់លើប្រកួតរបស់យើង យើងព្យាយាមផ្តោតលើការប្រកួតម្ដងមួយៗក្នុងបីប្រកួតចុងក្រោយរបស់យើង។ មើលចុះ! ក្នុងគ្រាដ៏លំបាកនេះ យើងត្រូវនៅជាមួយគ្នា។ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​យើង​ក្នុង​ការ​រឹត​បន្តឹង​សាមគ្គីនិង​ខ្លាំង​ជាង​មុន។ ការ​ប្រកួត​ទាំង​បួន​នេះ​ពិត​ជា​ស្វិតស្វាញ​ណាស់ ត្រឹមរយៈ​ពេល​តែមួយ​ខែ វា​មើល​ទៅ​ពិតជាតែ​អាក្រក់ណាស់សម្រាប់យើង។ ប៉ុន្តែយើងនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់។ នៅក្នុងកីឡាបាល់ទាត់ នៅពេលដែលអ្នកគិតអំពីការចាប់ផ្តើមនៃរដូវកាល ហើយយើងកំពុងលេងបានយ៉ាងល្អ មនុស្សគ្រប់គ្នាពោរពេញដោយភាពរីករាយ ហើយមិនមានសម្ពាធអ្វីឡើយ។ ប៉ុន្តែ​ពេល​នេះ​គឺ​ជា​ពេល​វេលា​ដែល​អ្នក​រាល់​គ្នា​ត្រូវ​បោះ​ជំហាន​ឡើង​ទៅ​តាម​អ្វី​ដែល​យើង​ចង់​ធ្វើ។ ដូចដែលខ្ញុំបាននិយាយពីមុនមក នេះគឺជាពេលវេលា និងឱកាសដើម្បីកាន់តែរឹងមាំ ហើយមកជាមួយគ្នា។  នៅពេលដែលអ្វីៗដំណើរការល្អ វានឹងងាយស្រួលទាំងអស់គ្នា។ ប៉ុន្តែ​ក្នុង​ពេល​ដ៏​លំបាក អ្នក​រាល់​គ្នា​ត្រូវ​រួម​គ្នា​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក”។

 Son ក៏បានទទូចថា Tottenham នៅតែដើរលើផ្លូវត្រូវ បើទោះបីជាការបរាជ័យចុងក្រោយរបស់ពួកគេជាមួយ Liverpool ក៏ដោយ ហើយវានឹងត្រូវការពេលវេលាសម្រាប់ Postecoglou ដើម្បីឱ្យវាកាន់តែត្រឹមត្រូវ។ គាត់​បាន​បន្ថែម​ថា​៖

“នៅ​ពេល​ដែលអ្នក​មើល​លើលទ្ធផល វា​ពិតជា​ខកចិត្ត​ខ្លាំង​ណាស់ ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​ដើរ​លើ​ផ្លូវត្រូវ​។ កុំភ្លេចថា វាជារដូវកាលដំបូងរបស់អ្នកចាត់ការ ហើយយើងមានកីឡាករថ្មីទើបមកលេងឱ្យយើងនៅ Premier League។ កុំយល់ច្រឡំ វាជាការខកចិត្តខ្លាំងណាស់ក្នុងការចាញ់ ៤ប្រកួតជាប់ៗគ្នា ប៉ុន្តែខ្ញុំគិតថា ពួកយើងត្រូវតែទប់ការឈឺចាប់នេះ និងលទ្ធផល ធ្វើការឱ្យខ្លាំង និងកាន់តែប្រសើរឡើង”។

 

 

 

ប្រភព​ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT