Haaland៖ “នេះ​ជា​លើក​ដំបូង ខ្ញុំ​លេង​ឈ្នះ​ Bayern ក្រោយ​ចាញ់ ៧ ប្រកួត​ជាប់”

ក្លឹប​មេឃ​ខៀវ Manchester City បាន​បញ្ចប់​ការ​ប្រកួត​មិត្តភាព ទល់ Bayern Munich តាម​រយៈ​លទ្ធផល​យក​ឈ្នះ ១-០ ហើយ​កាន់​តែ​ពិសេស វា​ជា​គ្រាប់​បាល់​សម្រេច​បាន​ដោយ​កីឡាករ​វ័យ​ក្មេង Erling Haaland។ នេះ​ជា​គ្រាប់​បាល់​ដំបូង​បើក​គណនី​នៅ​ក្លឹប​ថ្មី ហើយ​ក៏​ជា​ជ័យជម្នះ​លើក​ដំបូង​របស់​កីឡាករ​ទៅ​លើ​ក្លឹប​យក្ស​អាល្លឺម៉ង់។

ចាយ​ពេល​ត្រឹម ១២ នាទី​លើ​ទីលាន បុរស​សញ្ជាតិ​ន័រវែស អាច​រក​បាន​គ្រាប់​បាល់​ឲ្យ City ហើយ​រក្សា​លទ្ធផល​ដល់​ចប់​ការ​ប្រកួត ក្រោម​ក្រសែ​ភ្នែក​អ្នក​ទស្សនា​ដល់​ទៅ​ជាង ៧៨ ០០០ នាក់​ក្នុង​កីឡដ្ឋាន។ Haaland បាន​និយាយ៖ “វា​ជា​ការ​ចាប់ផ្តើម​ដ៏​ល្អ ក្រោយ​ការ​មិន​បាន​លេង​បាល់ទាត់​រយៈ​ពេល ៦ សប្តាហ៍ ដូច្នេះ​នេះ​ជា​អារម្មណ៍​ពិសេស​ខ្លាំង​ណាស់​សម្រាប់​ខ្ញុំ”។

គេ​បន្ត​ទៀត​ថា៖ “វា​ជា​លើក​ដំបូង ដែល​ខ្ញុំ​លេង​ឈ្នះ Bayern បន្ទាប់​ពី​ការ​ចាញ់ ៧ លើក​ជាប់ៗ​គ្នា នេះ​ជា​គុណភាព​ដ៏​ល្អ​ពិត ហើយ​ជា​រសជាតិ​ពិសេស​មួយ មុន​ការ​ប្រកួត​ទល់ Liverpool នៅ​ពាន Community Shield”។ បញ្ជាក់​ថា ​ក្រោយ​រដូវ​រងា ឆ្នាំ ២០២០ នៃ​ការ​ផ្ទេរ​មក Dortmund ៧ ប្រកួត​ជាប់ៗ​គ្នា ដែល​លេង​ទល់ Bayern មិន​ដែល​បាន​ស្មើ ឬ​ឈ្នះ​ឡើយ ពោល​សុទ្ធ​តែ​ជា​លទ្ធផល​ចាញ់៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT