សម្បុរ​ខ្មៅ បេះដូង​មាស! នេះ​ការ​ជួយ​ធំៗ ៣ ដែល​ Mane ផ្តល់​ឲ្យ​អ្នកភូមិកម្សត់នៅឯសេណេហ្គាល់

ជាមួយ​ការ​ផ្លាស់​ទៅ​កាន់​ទ្រនំ​ថ្មី នៅ​ឯ​ទឹកដី​អាល្លឺម៉ង់ គឺ​ក្លឹប Bayern Munich សម្រាប់​ខ្សែ​ប្រយុទ្ធ​សេណេហ្គាល់ Sadio Mane លឺ​ថា អាច​ទទួល​បាន​ប្រាក់​ពលកម្ម​ប្រហែល ២០ លាន​អឺរ៉ូ/ឆ្នាំ ឬ​កាត់កង​ទៅ​ប្រហែល ៣៨៥ ០០០ អឺរ៉ូ/សប្តាហ៍។ នេះ​បើ​តាម​សារព័ត៌មាន Bild បាន​ចុះ​ផ្សាយ។

ទំហំ​ប្រាក់​ពលកម្ម​ដ៏​ក្រាស់ក្រែល ត្រូវ​បាន​គេ​ជឿ​ថា នឹង​មិន​បាន​ជួយ​ឲ្យ​ Mane អាច​បន្ថែម​ជីវិត​ស៊ីវិល័យ ឬ​សល់​ទ្រព្យ​ជា​ដុំកំភួន​ដូច​កីឡាករ​ដទៃ​ឡើយ ផ្ទុយ​ទៅ​វិញ បុរសជាតិសាសន៍​អាហ្វ្រិក​ម្នាក់​នេះ មាន​តែ​បន្ថែម​ផែនការណ៍​ជួយ​ដល់​អ្នក​ខ្វះខាត​នៅ​ឯ​ស្រុក​កំណើត ពិសេស​ពង្រីក​ការ​អភិវឌ្ឍ​ភូមិ​កម្សត់ Bambali ជា​ទី​កន្លែង​កំណើត​របស់​ខ្លួន។

នៅ​ក្នុង​អត្ថបទ​នេះ CTS Sports រំឭក​បង្ហាញ​ការ​ផ្តល់​ជំនួយ​ធំៗ ៣ លើក ដែល​កីឡាករ​វ័យ ៣០ ឆ្នាំ បាន​ផ្តល់​ឲ្យ​អ្នក​ស្រុក​នៅ​ឯ​ប្រទេស​សេណេហ្គាល់ ដល់​ជាប់​រហស្សនាម “ជា​បុរស​សម្បុរ​ខ្មៅ បេះដូង​មាស”៖

៣) ជួយ​សាងសង់​សាលារៀន

អ្នក​ភូមិ​ផង​របស់ Mane គឺ​សុទ្ធ​សឹង​ស្ថិត​ក្នុង​ជីវភាព​ខ្វះខាត រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​តំបន់​នោះ ដើម​ឡើយ​គឺ​ដាច់​ស្រយាល រក​តែ​កន្លែង​សាបព្រោះ​ចំណេះដឹង​ដល់​ក្មេងៗ​ក៏​គ្មាន​ផង។ តែ​មក​ទល់​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ Bambali បាន​ប្រែ​ក្លាយ​ជា​ភូមិ​អភិវឌ្ឍ​មួយ ហើយ​វា​កើត​ចេញ​ពី​ទឹកចិត្ត​នៃ​ការ​ចំណាយ​រាប់​សិប​លាន​ដុល្លារ របស់​កីឡាករ​មិន​ភ្លេច​កំណើត​ខាង​លើ។

Mane បាន​ចាយ​លុយ​ជិត ២៥០ ០០០ ដុល្លារ សាងសង់​សាលារៀន​ ហើយ​សិស្សានុសិស្ស​នៅ​ទី​នោះ អាច​ទទួល​បាន​ការ​ក្រេប​យក​ចំណេះដឹង ដោយ​ឥត​គិត​ថ្លៃ ហើយ​ថែម​ទាំង​ទទួល​ការ​ផ្គត់ផ្គង់​ទាំង​សម្ភារៈ​សិក្សា មាន​កុំព្យូទ័រ សំលៀកបំពាក់ ពោល​គឺ​កីឡាករ​របស់​ក្លឹប Bayern Munich ទទួល​រ៉ាប់រង​ទាំង​ស្រុង ឲ្យ​តែ​ក្មេងៗ​អាច​សិក្សា​រៀនសូត្រ ព្រោះ​អតីតកាល​គេ​ធ្លាប់​បញ្ជាក់ ថា​គេ​គ្មាន​លទ្ធភាព​បាន​ទទួល​ការ​សិក្សា​នោះ​ឡើយ ហើយ​បើ​គ្មាន​បាល់ទាត់ ជីវិត​គឺ​ស្មើ ០ ដូច្នេះ​គេ​នឹង​យក​លុយ​ដែល​ទទួល​បាន​ពី​បាល់ទាត់ មក​សាយភាយ​ចែករំលែក​ចំណេះដឹង ដល់​ក្មេងៗ​ជំនាន់​ក្រោយ។

២) ជួយ​សាងសង់​មន្ទីរពេទ្យ

វា​ជា​លើក​ទី ១ ដែល​តំបន់​ដាច់ស្រយាល​នោះ មាន​មន្ទីរពេទ្យ​ទទួល​ព្យាបាល​ត្រឹមត្រូវ ហើយ​សមិទ្ធផល​នេះ ក៏​កើត​ចេញ​ពី​ទឹកចិត្ត​របស់ Mane ដូច​គ្នា ដោយ​ចាយ​លុយ​អស់​ជាង​កន្លះ​លាន​ដុល្លារ​អាមេរិក គិត​តែ​លើ​ការ​សាងសង់។

មន្ទីរពេទ្យ​នោះ ទទួល​ផ្តល់​សេវាកម្ម​ឥត​គិត​ថ្លៃ និង​ជួយ​ដល់​អ្នក​ខ្វះខាត​នៅ​ទូទាំង​តំបន់ ច្រើន​ជាង ៣០ ភូមិ។ អគារ​ដែល​បាន​បញ្ចប់​ការ​សាងសង់​កាល​ពីប៉ុន្មានឆ្នាំមុន ក៏​នៅ​តែ​ទទួល​បាន​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ហើយ​សព្វថ្ងៃ​មាន​បន្ទប់​​ពិគ្រោះ​យោបល់ សេវា​ថែទាំ​សម្ភព និង​បរិក្ខារ​ទន្តសាស្ត្រ។

កាល​ពី​ឆ្នាំ ២០២០ Mane បាន​និយាយ​ប្រាប់​សារព័ត៌មាន The Guardian៖ “ខ្ញុំ​ចាំ​បាន កាល​ប្អូន​ស្រី​របស់​ខ្ញុំ​កើត គឺ​កើត​នៅ​ផ្ទះ ព្រោះ​ភូមិ​យើង​អត់​មាន​ពេទ្យ​ទេ ដូច្នេះ​ខ្ញុំ​យល់ អំពី​ស្ថានភាព​ដ៏​លំបាក​នេះ លើ​អ្នក​ភូមិ​រាល់​គ្នា អ៊ីចឹង​ទើប​ខ្ញុំ​សម្រេច​សាងសង់​មន្ទីរពេទ្យ​មួយ​ខ្នង​ឡើង ដើម្បី​ផ្តល់​ក្តីសង្ឃឹម​ដល់​ការ​រស់នៅ”។

៣) ជួយ​មួយ​គ្រួសារ ជិត ៣០ មុឺន​រៀល/ខែ

ក្រៅ​តែ​ពី​ផ្តល់​សេវាកម្ម​ឥត​គិត​ថ្លៃ​ជា​ច្រើន ទៀត​សោត Mane ក៏​ជំនួយ​ដល់​គ្រួសារ​ដែល​មាន​ការ​ខ្វះខាត​ខ្លាំង នូវ​ប្រាក់​ឧបត្ថម្ភ​មួយ​ខែ​ប្រហែល ៧៥ ដុល្លារ ឬ ៣០ មុឺន​រៀល​ផង​ដែរ។ លើស​ពី​នេះ ក៏​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ ដូច​ជា Orange ឲ្យ​ជួយ​ផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ល្បឿន​លឿន 4G ដល់​ប្រជាជន​ក្នុង​តំបន់ ហើយ​ថ្មីៗ ក៏​ទើប​តែ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង​ផ្សេង​ទៀត។ ទាំង​នេះ គ្រាន់​ជា​ទឹកចិត្ត​មួយ​ផ្នែក​ដែល CTS Sports លើក​មក​បង្ហាញ​តែ​ប៉ុណ្ណោះ ដោយ​ការ​ពិត​ទៅ គឺ​មាន​ច្រើន ល្មម​អាច​រាប់​បាន ថា Mane ជា​កីឡាករ​បាល់ទាត់ ដែល​មាន​ទឹកចិត្ត​ល្អ​បំផុត​ក្នុង​លោក៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT