Di Maria ថា​គ្មាន​នរណា​ដឹង​មុន​ទេ លើកលែង​ Messi ម្នាក់​គត់ អាច​ធានា​វត្តមាន​នៅ World Cup

Angel di Maria ក៏​កំពុង​បង្ហាញ​ការ​ត្អូញត្អែរ​ផង​ដែរ អំពី​អនាគត​របស់​ខ្លួន ខណៈ​ដែល​ការ​ប្រកួត​ពាន​រង្វាន់ FIFA World Cup កាន់​តែ​កៀក​ជិត​ចូល​មក​ដល់។ មាន​ន័យ​ថា បើ​កីឡាករ​មិន​អាច​រក​បាន​ទ្រនំ​សមគួរ​ទេ​នោះ ដូច្នេះ​ឱកាស​ក្នុង​ការ​កោះហៅ​ទៅ​ចូលរួម​ជួយ​ជម្រើស​ជាតិ​អាហ្សង់ទីន ក៏​ប្រាកដ​នឹង​មាន​ទាប​ទៅ​តាម​នោះ​ដែរ។

បុរស​វ័យ ៣៤ ឆ្នាំ​ក្រោយ​ដើរ​ចេញ​ពី PSG ក៏​មាន​ចចាមអារ៉ាម​ថា​គេ​អាច​ជា​ផ្លាស់​ទៅ​ក្លឹប Juventus ឬ​អាច​ជា Barcelona។ ការ​ផ្ទេរ​ពេល​ខាង​មុខ ជា​ការ​ផ្ទេរ​នៅ​លក្ខខណ្ឌ​ឥត​តម្លៃ​ខ្លួន។ និយាយ​មុន​ព្រឹត្តិការណ៍ World Cup ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ២១ វិច្ឆិកា ដែល​អាហ្សង់ទីន​ស្ថិត​ក្នុង​ពូល C ត្រូវ​ប៉ះ​អារ៉ាប៊ីសាអ៊ូឌីត ម៉ិកស៊ីកូ និង​ប៉ូឡូញ ក៏​ត្រូវ​បាន​ Di Maria លើក​ឡើង​ដូច្នោះ៖ “មាន​តែ​ Lionel Messi ទេ អាច​ធានា​តំណែង​របស់​គាត់​បាន នេះ ៤ ខែ​សេសសល់​ទៅ​មុខ​ទៀត គ្មាន​នរណា​អាច​ដឹង​ជា​មុន​ឡើយ”។

លោក​សង្កត់​ធ្ងន់៖ “ខ្ញុំ​ក៏​នឹង​ត្រូវ​ប្តូរ​ក្លឹប ហើយ​ត្រូវ​សម្រប​ខ្លួន​ជា​ថ្មី​ម្តង​ទៀត តែ​យ៉ាង​ណា​ការ​លេង ជាមួយ​អារម្មណ៍​ដ៏​ល្អ នឹង​អាច​ធ្វើ​ឲ្យ​មាន​រឿង​ខុស​ប្លែក​កើត​ឡើង”។ រំឭក​ឲ្យ​ដឹង Di Maria ជា​កីឡាករ​បង្ហាញ​ខ្លួន​ច្រើន​បំផុត​ឲ្យ​ជម្រើស​ជាតិ​លំដាប់​ទី ៤ ដោយ ១២២ ​ប្រកួត នៅ​ចាញ់​តែ Javier Zanetti មាន ១៤៥ ប្រកួត Javier Mascherano មាន ១៤៧ ប្រកួត និង Messi មាន ១៦២ ប្រកួត៕

ប្រភព៖ TNT Sport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT