Newcastle ចង់​ចូល​ដណ្តើម​យក Coutinho ជួន​ពេល​ក្លឹប Aston Villa កំពុង​បាក់​ចិត្ត​ខ្លាំង

ស្ថិត​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង Philippe Coutinho មិន​ទាន់​សម្រេច​នៅ​ឡើយ ថា​នឹង​បន្ត​នៅ ជាមួយ​លក្ខខណ្ឌ​ផ្តាច់​កុងត្រា​រវាង​ភាគី​ក្លឹប Barcelona ហើយ​មក​ចាប់​អាជីព​ថ្មី​នៅ Aston Villa ក្រោយ​បញ្ចប់​រដូវ​កាល​ខាង​មុខ ឬ​ក៏​សម្រេច​បែប​ណា។ តែ​ឥឡូវ​យើង​ទទួល​បាន​ដំណឹង​ថ្មី ថា​កីឡាករ​ប្រេស៊ីល ក៏​ស្រាប់​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ក្លឹប​រួម​លីគ​មួយ​ទៀត គឺ Newcastle United។

បុរស​វ័យ ២៩ ឆ្នាំ ស្ថិត​ក្រោម​សុពលភាព​កុងត្រា​នៅ​ក្លឹប​អាណាព្យាបាល Barcelona ដល់​ចុង​ខែ​មិថុនា ឆ្នាំ ២០២៣។ យ៉ាង​ណា​ក្លឹប Aston Villa មាន​សិទ្ធ​អាច​ទិញ​ផ្តាច់ នៅ​តម្លៃ​កំណត់​មួយ តែ​មិន​ច្បាស់​ថា​ការ​ចរចា​បាន​ដំណើរការ​ដល់​ណា​ហើយ​ទេ។ ឆ្លៀត​ឱកាស​ល្អ​នេះ Newcastle ក៏​ប្រជ្រៀត​ខ្លួន​ចូល​បៀត ព្រោះ​ចាប់​អារម្មណ៍​លើ​សមត្ថភាព​អតីត​ខ្សែ​បម្រើ​ហង្ស​ក្រហម​ជា​ខ្លាំង។ នេះ​បើ​តាម​សារព័ត៌មាន Goal បាន​ចុះ​ផ្សាយ។

រំឭក​ ឲ្យ​ដឹង​កន្លង​ទៅ លោក Steven Gerrard ជា​អ្នកចាត់ការ​ក្លឹប​ម្ចាស់ដី Villa Park ក៏​ប្រកាស​ជា​សាធារណៈ ថា​ចង់​បាន​វត្តមាន Coutinho បន្ត​ឈរ​ជើង​នៅ​រដូវ​កាល​ក្រោយ​ត​ទៅ​ទៀត។ ស្ថិតិ​របស់​គេ​ជាមួយ​ក្លឹប​អង់គ្លេស រដូវ​កាល​នេះ បង្ហាញ​ខ្លួន ១៦ ប្រកួត រក​បាន ៤ គ្រាប់​និង Assist ៣ លើក។ តាម​ដឹង​តម្លៃ​ផ្តាច់​កុងត្រា អាច​ថ្លៃ​ល្បាក់ ៤០ លាន​អឺរ៉ូ ប្រសិន​ភាគី​ក្លឹប​ណា​មួយ​ចង់​បាន​គេ​ទៅ​ចូលរួម៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT