Xavi ជឿជាក់ថាក្បួនលេងរបស់ Barcelona នៅតែជោគជ័យ

លោក Xavi នៅតែជឿជាក់ថាក្បូនលេងរបស់ក្រុម FC Barcelona នឹងជោគជ័យ ព្រោះកន្លងមកដោយសារតែក្បួនលេងនេះហើយទើបធ្វើឱ្យពួកគេឈ្នះពាន UEFA Champions League ដល់ទៅ៥ដងនោះ។

មានមតិរិះគន់ច្រើនទៅលេងក្បួនលេងបាល់ខ្លីៗលឿនរបស់ក្រុម Barcelona ថាបច្ចុប្បន្នគេអាចបំបែកវាបានទៅហើយ។ តែសម្រាប់លោក Xavi អ្នកចាត់ការក្រុមអ្នកមានបុណ្យវិញ មើលឃើញថាវានឹងនៅតែជាក្បួនលេងល្អបំផុត ហើយគ្រប់គ្នាក៏កំពុងយកតម្រាប់តាមផងដែរ។ វានឹងនៅតែជោគជ័យ ព្រោះកន្លងមកវាបានបញ្ជាក់ច្បាស់ដំណើរការល្អយ៉ាងណាហើយ ទើបក្រុម Barcelona អាចឈ្នះពាន Champions League បានដល់ទៅ៥ដងនោះ។

លោក Xavi បានបន្ថែមថា៖ “វាជាសារមួយពីប្រវត្តិសាស្ត្ររបស់ Barcelona។ វានឹងប្រើពេលច្រើនឆ្នាំទៀតដើម្បីឈ្នះពាន ប្រសិនបើយើងដូរវិធីលេង។ លេងរបៀបយើង យើងធ្លាប់ឈ្នះ Champions League បាន៥ដង ហើយពិភពលោកក៏ស្គាល់យើងដោយសារក្បួនលេងនេះដែរ។ Messi និង Pep បានបង្ហាញពីការលេងយ៉ាងល្អតាមរបៀបរបស់យើង ហើយវាបានជួយយើងឱ្យក្លាយជាក្រុមល្អបំផុតលើលោក”៕ប្រភព ៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT