គូប្រកួតរបស់កម្ពុជា នៅ Suzuki Cup សុទ្ធតែមមាញឹកក្នុងការកម្តៅសាច់ដុំរបស់ពួកគេ ហើយប៉ះសុទ្ធតែក្រុមខ្លាំងៗ

គ្រាដែលពានរង្វាន់ AFF Suzuki Cup 2018 នឹងឈានចូលមកដល់នៅដើមខែវិច្ឆិកាខាងមុខនេះ ប្រទេសជាសមាជិកទាំង ១១ បានកំពុងមមាញឹកក្នុងការត្រៀមខ្លួនរបស់ពួកគេ ដែលមានទាំងការបោះជំរុំហ្វឹកហាត់ និងប្រកួតមិត្តភាពផងដែរ។ក្នុងនោះពូល A ដែលមានក្រុមជម្រើសជាតិម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និង ឡាវ សុទ្ធតែមានសកម្មភាពហ្វឹកហាត់រៀងៗខ្លួន គ្រាន់តែថាក្រុមភាគច្រើន មានការប្រកួតមិត្តភាពជាមួយនឹងក្រុមខ្លាំងៗ ។

ជាក់ស្តែងដូចជាមីយ៉ាន់ម៉ា ពួកគេនឹងត្រូវប្រកួតមិត្តភាពជាមួយជម្រើសជាតិ បូឡាវី ដែលមានចំណាត់ថ្នាក់ FIFA Ranking ខ្ពស់បំផុត ពោលគឺលេខ៥៨ គ្រាដែលវៀតណាម នឹង ចេញដំណើរ ទៅធ្វើការ ប្រកួតមិត្តភាព ទល់នឹងក្លិបធំៗ
នៃលីគកំពូលកូរ៉េ ដូចជា Incheon United, FC Seoul និង Seoul E-Land នៅចុងខែតុលាខាងមុខនេះផងដែរ។

ក្រឡែកទៅម៉ាឡេស៊ីវិញ ពួកគេនឹងមានប្រកួតមិត្តភាពបីធំៗ នៅអំឡុងខែតុលា និងដើមខែវិច្ឆិកាខាងមុខនេះ ពោលគឺប៉ះ ស្រីលង្កា រួមទាំង គីកៀហ្ស៊ីស៊ីស្ថាន ដែលមានលេខរៀង ( ៩១ ) លើ FIFA Ranking បន្ទាប់មកនឹងបន្តជួបម៉ាល់ឌីវ មុនហោះហើរមកកម្ពុជា ។

និយាយពីជម្រើសជាតិឡាវវិញ ដែលទើបត្រឡប់មកពីបោះជំរុំហ្វឹកហាត់នៅអេស្ប៉ាញ ១សប្តាហ៍កន្លងមក ពួកគទើបតែប្រកួតចាញ់ក្រុមខ្លាំង អារ៉ាប់រួម ៣-០ ហើយកំពុងប្រកួតក្នុងពានរង្វាន់ Bangabanhdu Gold Cup 2018 នៅឯប្រទេសបង់ក្លាដែសផងដែរ ។

រីចំណែកឯ កម្ពុជា ឯនេះវិញ តាមការប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គឺនឹងត្រូវប្រកួតទល់នឹងជម្រើសជាតិទីម័រខាងកើត នៅថ្ងៃទី ១២ និង សិង្ហបុរី នៅថ្ងៃទី ១៦ ខែ តុលា ខាងមុខនេះ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT