ទើប​អស់​តំណែង​ថ្ងៃ​មុន ឥឡូវ Sean Dyche មាន​ក្លឹប​នៅ​អង់គ្លេស​នេះ​ទាក់ទង​ហើយ

ក្រោយ​ដឹកនាំ​អស់​រយៈ​ពេល ១០ ឆ្នាំ លោក Sean Dyche ក៏​ត្រូវ​បាន​ក្លឹប​ប្រកាស​ដក​តំណែង​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​ឥឡូវ​ស្រាប់​ទទួល​បាន​ដំណឹង​ថា មាន​ក្លឹប​នៅ​អង់គ្លេស​ទាក់ទង​មក​ហើយ តែ​ស្ថិត​នៅ​ក្របខ័ណ្ឌ​លំដាប់​ពីរ មិន​មែន​ជា​ក្របខ័ណ្ឌ​កំពូល Premier League។

បើ​តាម​សារព័ត៌មាន Birmingham Live ចុះ​ផ្សាយ ក្លឹប West Bromwich Albion កំពុង​ទាក់ទង​ទៅ​លោក Dyche ឲ្យ​មក​ចាត់ការ​ជំនួស ក្រោយ​មិន​ពេញ​ចិត្ត​នឹង​ការ​ដឹកនាំ​របស់​លោក Steve Bruce នៅ​ពេល​បច្ចុប្បន្ន។ ក្រោយ​ការ​ចាកចេញ​របស់​គ្រូ​ចាស់ Valerien Isamel នៅ​ខែ​កុម្ភៈ ក្លឹប​បាន​ចាត់​តាំង​ Bruce ឲ្យ​ដឹកនាំ​បន្ត ក៏​ប៉ុន្តែ​មិន​ទទួល​បាន​ជោគជ័យ​ជា​ដុំកំភួន​ឡើយ ហើយ​ឃើញ​បរាជ័យ​ច្រើន​ជាង​ជ័យជម្នះ។

ពេល​នេះ West Bromwich កំពុង​ឈរ​លេខ ១១ នៅ​តារាង Championship ខណៈ​ការ​ប្រកួត​សេសសល់​តែ ៤ ជុំ​ទៀត រួច​នៅ​ដាច់​គម្លាត ៥ ពិន្ទុ ធៀប​នឹង​ក្រុម Top 6។ ក្លឹប​កំពុង​ពិចារណា​ចង់​យក Dyche ​មាន​បទពិសោធន៍​ជោកជាំ​ឲ្យ​មក​ដឹកនាំ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដែល​នេះ​យើង​នៅ​រង់ចាំ​តែ​ចម្លើយ​ពី​សាមី​ខ្លួន​តែ​ប៉ុណ្ណោះ។ រំឭក​ថា បុរស​វ័យ ៥០ ឆ្នាំ បាន​ដឹកនាំ Burnley ចន្លោះ​ឆ្នាំ ២០១២ ដល់ ២០២២ ហើយ​បាន​ជួយ Burnley មិន​ឲ្យ​ធ្លាក់​ចេញ​ពី PL នៅ ៦ រដូវ​កាល​ចុង​ក្រោយ៕

ប្រភព៖ Birmingham Live

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT