សំណួរ​គ្មាន​ចម្លើយ! ហេតុអ្វី Rangnick បែរ​ដាក់ Bruno ហើយ​មិន​ដាក់ Rashford នៅ​ប្រយុទ្ធ​កណ្ដាល?

នៅ​ការ​ប្រកួត​ជុំ​ទី ៣០ របស់​ក្លឹប Man Utd បាន​បញ្ចប់​ទៅ​ក្រោម​លទ្ធផល​ស្មើ ១-១ ទល់​ក្លឹប​ភ្ញៀវ Leicester City ហើយ​នៅ​ប្រកួត​នេះ ក៏​កើត​មាន​រឿងរ៉ាវ​ចម្រូងចម្រាស​ជា​ច្រើន ដែល​កំពុង​នាំ​ឲ្យ​មតិ​ពី​អ្នក​គាំទ្រ មាន​ការ​សង្ស័យ​ថា បិសាច​ក្រហម ថា​មិន​ត្រូវ​អាច​នឹង​របូត​ទាំង​កៅអី Champions Legaue និង​សូម្បី​តែ Europa League។

គ្រប់​គ្នា​កំពុង​មិន​យល់ អំពី​យុទ្ធសាស្រ្ត​ដឹកនាំ​របស់​លោក Ralf Rangnick ជុំវិញ​ការ​រៀបចំ​ប្រព័ន្ធ​លេង ដែល​ត្រូវ​បន្ត​ធ្វើ​មិន​បាន​ល្អ​ម្តង​ហើយ​ម្តង​ទៀត។ កាល​ពី​យប់​មិញ Man Utd មិន​មាន​វត្តមាន Cristiano Ronaldo ឬ​សូម្បី​តែ Edinson Cavani ដូច្នេះ​មាន​ន័យ​ថា ប្រយុទ្ធ​កណ្តាល គឺ​គ្មាន​ជម្រើស​ក្នុង​ដៃ​តែ​ម្តង ប៉ុន្តែ​គ្រូ​ជាប់​រហស្សនាម “បិតា​បាល់ទាត់​អាល្លឺម៉ង់” ក៏​នៅ​សល់​ប្រយុទ្ធ​ស្លាប​មួយ​ចំនួន ដែល​ទំនេរ តែ​បែរ​ដាក់​ខ្សែ​បម្រើ ឲ្យ​មក​ដើរ​តួ​ជា​ខ្សែ​ប្រយុទ្ធ​ទៅ​វិញ។

ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​នេះ លោក Gary Neville ជា​អតីត​ខ្សែ​ការពារ​នៅ​ក្លឹប​ម្ចាស់ដី Old Trafford ក៏​មាន​ការ​ងឿងឆ្ងល់ និង​ហួស​ចិត្ត​ផង​ដែរ​ ថា​ហេតុអ្វី​បាន​ជា​មិន​ដាក់ Marcus Rashford ឲ្យ​ចូល​លេង​នៅ​តំណែង​ប្រយុទ្ធ សម្រាប់​ជម្រើស ១១ នាក់​ដំបូង ទាំង​ដែល​គេ​បាន​ត្រៀម​លក្ខណៈ​រួចរាល់​ហើយ​នោះ។

ប្រាប់​ប៉ុស្តិ៍ Sky Sports លោក Neville ថា៖ “ដើម​ឡើយ​មុន​ការ​ប្រកួត ពេល​ដឹង​ក្រុម​យើង​អត់​ខ្សែ​ប្រយុទ្ធ​កណ្តាល ខ្ញុំ​រាង​ស្រងាក​ចិត្ត​បន្តិច​ដែរ តែ​នេះ​បែរ​ជា​អត់​ដាក់​ទាំង Rashford ឲ្យ​ចូល​លេង​ថែម​ទៀត នេះ​គ្រូ​ដូច​បាន​សម្លាប់​គេ​ទាំង​រស់ ដោយ​ខ្ញុំ​យល់​ថា គេ​ធ្លាក់​ទម្រង់​លេង គេ​ខ្វះ​ទំនុក​ចិត្ត ក៏​ប៉ុន្តែ​នៅ​ស្ថានភាព​នេះ ដែល Cristiano អវត្តមាន យ៉ាង​ណា​ក៏​គួរ​តែ​ដាក់ Rashford ឲ្យ​លេង​នៅ​តំណែង​ប្រយុទ្ធ​ចំ​តួ​ដែរ ខណៈ​ដែល​គេ​បាន​ឆ្លងកាត់​ពេលវេលា​ហ្វឹកហាត់​គ្រប់គ្រាន់​ហើយ​នោះ”។

បញ្ជាក់​ថា ប្រព័ន្ធ​ ៤-២-៣-១ កាល​ពី​យប់​មិញ​នេះ គឺ Rangnick ប្រើ​ដូច​គ្នា​បេះ​ដាក់ នឹង​ប្រព័ន្ធ​លេង​កាល​ប៉ះ Man City ដែល​ក្រុម​បរាជ័យ ៤-១ ហើយ​ឥឡូវ​មក​បន្ត​ប្រើ​ដដែល រួច​ចុង​ក្រោយ​ក៏​នៅ​តែ​ខកខាន​ការ​យក​បាន ៣ ពិន្ទុ។ ទៅ​មើល​តារាង Premier League បន្តិច Man Utd ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៦ មាន ៥១ ពិន្ទុ​ស្មើ Tottenham រី​ឯ Leicester ដែល​ទើប​ឈាន​ដល់​ជុំ​ទី ២៨ មាន ៣៧ ពិន្ទុ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ៩។

ដោយឡែក​អំពី​មូលហេតុ​ដែល Cristiano Ronaldo អវត្តមាន​នៅ​ប្រកួត​ទល់ Leicester City បើ​តាម​ការ​បញ្ជាក់ គឺ​ដោយសារ​គេ​មាន​បញ្ហា​សុខភាព កើត​ជំងឺ​គ្រុនផ្ដាសាយ។ អាការៈ​របស់​កីឡាករ​ព័រទុយហ្គាល់​មិន​ទាន់​ធូរ​សះស្បើយ​នៅ​ឡើយ ស្រប​ពេល​ដែល​សល់​ចន្លោះ​ពេល ៦ ​ថ្ងៃ​ទៀត មុន​ឈាន​ដល់​ការ​ប្រកួត​ជុំ​ទី ៣១ កំណត់​ត្រូវ​ប៉ះ Everton នៅ​ទឹកដី Goodison Park ក៏​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

រំឭក​ថា លើក​ចុង​ក្រោយ​ដែល United ខកខាន​ទទួល​បាន​កៅអី​នៅ Champions League គឺ​នា​រដូវ​កាល ២០១៤/១៥ ក្រោម​ការ​ដឹកនាំ​របស់​លោក David Moyes ដែល​បញ្ចប់​រដូវ​កាល​ចាស់ ឈរ​លេខ​រៀង​ទី ៧។ តែ​នៅ​រដូវ​កាល​បន្ទាប់ ក្រោយ​ផ្លាស់​លោក Louis van Gaal ឲ្យ​មក​ដឹកនាំ​ជំនួស ក្លឹប​ក៏​ទទួល​បាន​ឱកាស​ជា​ថ្មី អ៊ីចឹង​ចាំ​មើល​សារ​នេះ តើ United នឹង​ត្រូវ​វិល​ទៅ​ជាន់​ដាន​ចាស់​ឬ​បែប​ណា?

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT