ខ្សែបម្រើ Christian Eriksen បានបង្ហាញខ្លួនក្នុងជម្រើសដំបូងឱ្យក្រុម Brentford តែម្ដង ក្នុងការប្រកួតដែលក្រុមនេះយកឈ្នះលើក្រុម Norwich ក្នុងលទ្ធផល ៣-១។
Eriksen មានបញ្ហាបេះដូងកាលនៅ Euro 2020 ដែលធ្វើឱ្យគេស្ទើរតែបាត់អាជីពជាកីឡាករបាល់ទាត់ទៅហើយ។ កាលនោះ ក្លឹប Inter Milan បានផ្ដាច់កុងត្រាជាមួយគេចោល ព្រោះច្បាប់នៅលីគកំពូលអ៊ីតាលី មិនអាចឱ្យកីឡាករមានជំងឺបេះដូងលេងបានទេ។ រហូតមកដល់ពេលនេះ រូបគេក៏សម្រេចចិត្តចូលលេងជាមួយក្រុម Brentford នៅលីគកំពូលអង់គ្លេសវិញ ហើយក៏អាចលេងបានមិនមានបញ្ហានោះទេ។
ក្នុងការប្រកូតនៅយប់មិញកីឡាករដាណឺម៉ាកបានលេង៩០នាទីពេញតែម្ដង ក្នុងជំនួបដែលក្រុម Brentford យកឈ្នះលើក្រុម Norwich បានក្នុងលទ្ធផល ៣-១ នេះ។ ខណដែលសាមីខ្លួនបានបង្ហាញអារម្មណ៍ដែរថាខ្លួនសប្បាយចិត្តណាស់ដែលបានចូលទីលានវិញនេះ ព្រោះការខកខានជិត១ឆ្នាំមកនេះ គឺជាពេលវេលាយូរខ្លាំងណាស់៕ប្រភព Dailymail