ក្រសួងការពារជាតិ ប៉ះ ព្រះខ័នរាជស្វាយរៀង ល្ងាចនេះ ជាសមរភូមិប្រកួតប្រចាំរដូវកាល ២០១៨នេះ

សប្តាហ៍ទី ២១ នៃលីគកំពូលកម្ពុជា ថ្ងៃសៅរ៍ ទី ២២ នេះ មានការប្រកួតចំនួន ៣គូ ដោយក្នុងនោះ ក្រសួងការពារជាតិ ជួប ព្រះខ័នរាជស្វាយរៀង អាចនិយាយបានថាជាប្រកួតមួយដ៏តានតឹងបំផុតនៅពេលដែលក្រុមទាំងពីរជួបគ្នាម្តងៗ។

កាលពីជើងទីមួយ ក្រសួងការពារជាតិ បានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ២-១ នៅឯខេត្តស្វាយរៀង តែកីឡាករនៃក្រុមទាំងពីរ ត្រូវសហព័ន្ធកីឡាបាល់ទាត់កម្ពុជាពិន័យ ចំពោះទង្វើវាយតប់គ្នានៅលើទីលាន ។

ហើយកាលពីថ្មីៗនេះ ក្រសួងការពារជាតិ ក៏បានធ្វើឱ្យក្រុមព្រះខ័នរាជ ឈឺចាប់ម្តងទៀត ដោយយកឈ្នះនៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ Hun Sen Cup ដោយគ្រាប់បាល់កាត់សេចក្តី ៥-៤ ផងដែរ។

ដូចនេះ ការប្រកួតល្ងាចនេះ នឹងតានតឹងបំផុតសម្រាប់ក្រុមទាំងពីរគ្រាដែល ការពារជាតិ អាចធានាកៅអីលេខ ៤របស់ខ្លួនបានហើយ ប៉ុន្តែស្វាយរៀង នៅលេខរៀងទី ៦ មិនទាន់អាចកំណត់បានទេ ព្រោះមានពិន្ទុលើក្រុមនៅខាងក្រោមត្រឹមតែ ១ពិន្ទុប៉ុណ្ណោះ ។

ក្នុងថ្ងៃជាមួយគ្នានេះផងដែរ ក៏មានការប្រកួតសំខាន់ពីរគូទៀត គឺ សូលទីឡូអង្គរ ជួប អគ្គិសនីកម្ពុជា និង អគ្គស្នងការដ្ឋាននគរបាលជាតិ ជួប អាស៊ីអឺរ៉ុបយូណាយធីត ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT