នៅក្នុងថ្ងៃចុះពិនិត្យមើលការដ្ឋានសាងសង់ពហុកីឡដ្ឋានមរតកតេជោ ម្សិលមិញនេះ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា បានបង្ហាញភាពអស្ចារ្យរបស់កីឡដ្ឋាននៅក្នុងពហុកីឡដ្ឋានថ្មីរបស់កម្ពុជានេះ។
ឯកឧត្តមបានថ្លែងថា៖ « កីឡដ្ឋាននេះបានធ្វើតាមបច្ចេកវិទ្យាចុងក្រោយ ដែលសូម្បីតែកៅអីអង្គុយក៏មាន QR Code ដែរ ហើយអ្វីៗទាំងអស់ដែលប្រើប្រាស់ក្នុងការសាងសង់នេះគឺថ្មី និងចុងក្រោយ » ។
« ស្តាតនេះជាស្តាតថ្មីនៅអាស៊ី លើកទីមួយដែលប្រើបច្ចេកទេសខ្ពស់ » ឯកឧត្តមបញ្ជាក់បន្ថែម ។
តាមកិច្ចសម្ភាសន៍ជាមួយស្ថានីយ៍ទូរទស្សន៍ BTV ឯកឧត្តមបានបង្ហាញអំពីចំណុចល្អៗជាច្រើនទៀតចំពោះការត្រៀមខ្លួនរបស់ពហុកីឡដ្ឋានមរតកតេជោនេះ ដែលអាចផ្ទុកអ្នកគាំទ្រដល់ទៅខ្ទង់ ៦ម៉ឹននាក់ ហើយក្នុងករណីអាសន្ន ច្រកសុវត្ថិភាពអាចជម្លៀសអ្នកទស្សនាបានក្នុងរយៈពេលត្រឹមតែ ៧នាទីប៉ុណ្ណោះ។
គួររំលឹកផងដែរថា កីឡដ្ឋាននៃពហុកីឡដ្ឋានមរតកតេជោ បានចាប់ផ្តើមការសាងសង់អស់រយៈពេល ៨ខែកន្លងមកហើយ ដោយសម្រេចបាន ២០% គ្រាដែលប្រើប្រាស់កម្មករចំនួន ៦០០នាក់ ក្នុងនោះកម្មករកម្ពុជា មាន ២០០នាក់ ។
តាមការប៉ាន់ស្មាន កីឡដ្ឋាននេះ នឹងលេចចេញជារូបរាងស្ថាពរនៅឆ្នាំមុនឆ្នាំ ២០២៣ ដែលកម្ពុជាត្រូវរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតព្រឹត្តិការណ៍កីឡា Sea Game ៕