លោក Hasan Salihamidzic ប្រធានផ្នែកកីឡារបស់ក្លឹប Bayern Munich បានបញ្ជាក់ថាក្លឹបកំពុងចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Erling Haaland របស់ក្រុម Dortmund ។
ខ្សែប្រយុទ្ធវ័យ២១ឆ្នាំខាងលើនេះកំពុងធ្វើបានល្អមែនទែនដោយបើកឆាកកន្លងទៅនេះ រកបាន៣គ្រាប់ម្នាក់ឯងទៀតទៅហើយ។ កីឡាករឆ្នើមរូបនេះ កំពុងមានក្លឹបជាច្រើនចង់បានទាំង Chelsea , Man City និង Man Utd ជាដើម ប៉ុន្តែរដូវកាលនេះពួកគេមិនអាចយកបានដោយសារតែក្រុម Dortmund ដាក់តម្លៃខ្លួនខ្ពស់ពេក។ ជាមួយគ្នានេះ ក្រុម Bayern Munich ដែលជាម៉ូយដំរបស់ Dortmund នោះក៏មានចិត្តចង់បាន Haaland ដែរ។
ជាមួយការចង់បាននេះ លោក Hasan Salihamidzic ប្រធានផ្នែកកីឡារបស់ក្លឹប Bayern Munich បានបញ្ជាក់ថា៖ “គាត់ជាកីឡាករ Top ហើយប្រហែលគ្រប់ក្លឹបទាំងអស់លើលោកចង់បានគាត់។ ច្បាស់ណាស់យើងក៏ចាប់អារម្មណ៍លើគេដែរ។ យើងនឹងព្យាយាមយកគាត់ ប្រជែងជាមួយក្រុមដទៃទៀត”៕
ប្រភព៖ DailyMail