ចង្វាក់លេងម្សិលមិញប្រែប្រួលខ្លាំងពេលម៉ាឡេស៊ី ប្តូរកីឡាករលេខ ១៣ចូល តើគេជានរណា ?

នៅក្នុងការប្រកួតយប់មិញនេះ ម៉ាឡេស៊ី ដែលជាក្រុមភ្ញៀវ មានលទ្ធភាពអាចវាយបកយកឈ្នះកម្ពុជា ក្នុងលទ្ធផល ៣ ទល់នឹង ១ ក្រោមក្រសែភ្នែកអ្នកទស្សនា ជិត ៤ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិ ។

ដើមវគ្គទីមួយ កម្ពុជា ពិតជាធ្វើបានល្អ ដោយមានឱកាសបណ្តើបាល់ទៅកាន់តំបន់គ្រោះថ្នាក់របស់ម៉ាឡេស៊ីជារឿយៗ រហូតដល់នាទី ១៨ ក៏ស៊ុតបញ្ចូលទីនាំមុខបានសម្រេចដោយកីឡាករ សឿយ វិសាល។

តែគ្រប់យ៉ាងប្រែប្រួលនៅចុងវគ្គទីមួយ ក៏ដូចជាពេញវគ្គទីពីរតែម្តង ដែលឃើញថាម៉ាឡេស៊ី តែងតែបង្កើតឱកាស ក្នុងការវាយបករកគ្រាប់បាល់វីញ ជាពិសេសគឺពេលដែលពួកគេផ្លាស់ប្តូរកីឡាករ ស្លាកលេខ ១៣ ចូល។ តើគេជានរណា ?

Shahrel Fikri Md Fauzi គឺជាយុវជនមានវ័យ ២៣ឆ្នាំ របស់ម៉ាឡេស៊ី គឺជាខ្សែប្រយុទ្ធដែលបច្ចុប្បន្នលេងនៅក្លិប Nakhon Ratchasima ក្នុងលីគកំពូលប្រទេសថៃ ពោលគឺជាកីឡាករអាស៊ានម្នាក់ក្នុងចំណោមកីឡាករអាស៊ាន ១៣នាក់ ប្រកបអាជីពនៅទីនោះ។

ក្រោយប្តូរចូលក្នុងការប្រកួតយប់មីញ នៅនាទី ៥៨ Shahrel បង្ហាញទម្រង់លេងយ៉ាងល្អ ដោយគាំទ្រនៅតំបន់ប្រយុទ្ធ ជាហេតុបង្កការលំបាកដល់ប្រព័ន្ធការពាររបស់កម្ពុជា ។ ក្រោយមករូបគេ បាន Assist បាល់ឱ្យមិត្តរួមក្រុមស៊ុតចូលទីមួយគ្រាប់ និង បំប៉ោងសំណាញ់ទីដោយខ្លួនឯង មួយគ្រាប់នៅជិតចប់ការប្រកួត ។

គ្រូបង្វឹកម៉ាឡេស៊ី លោក Tan Cheng Hoe ក៏បានឯកភាពចំពោះសំណួររបស់អ្នកសារព័តមានដែលថា ក្រោយការផ្លាស់ប្តូររបស់ Shahrel ប្រព័ន្ធលេងរបស់ម៉ាឡេស៊ី ពិតជាមានការប្រែប្រួលពិតមែន ។

គួររំលឹកថា មួយគ្រាប់របស់កីឡាករ Shahrel Fikri Md Fauzi នៅយប់មិញនេះ គឺជាគ្រាប់បាល់ដំបូងរបស់គេក្នុងការបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិ (ក្រុមធំ) ផងដែរ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT