កីឡាករ Son Heung-min ដែលទើបតែត្រលប់មកចូលរួមហ្វឹកហាត់សារជាថ្មី ជាមួយក្លឹប Totttenham Hotspur ទីបំផុតបានសម្រេចបន្តកុងត្រាថ្មី ដែលមានសុពលភាពដល់ឆ្នាំ ២០២៥ ពោលគឺ ៤ ឆ្នាំរាប់ពីពេលនេះទៅ។
កីឡាករកូរ៉េខាងត្បូង ដែលមានអាយុ ២៩ ឆ្នាំ បានចាយពេលសរុប ២៨០ ប្រកួត រកបាន ១០៧ គ្រាប់និង Assist ៦៤ លើក ក្រោយផ្ទេរចេញពី Bayer Leverkusen នៅខែសីហា ឆ្នាំ ២០១៥។
ថ្លែងជុំវិញការបន្តកុងត្រាថ្មី នាយកចាត់ការទូទៅលោក Fabio Paratici និយាយថា៖ “យើងពិតជារីករាយនឹងការព្រមព្រៀងបន្តកុងត្រាថ្មីជាមួយ Heung-min Son ហើយនេះជាការបើកទំព័រថ្មីសម្រាប់ក្លឹប ជាមួយនឹងវត្តមានអ្នកចាត់ការលោក Nuno Espirito Santo”។
រំឭកថា នេះជាការចម្លែកចិត្តមួយដែរ ព្រោះ Spurs មិនសូវទទួលបានជោគជ័យឡើយនៅរយៈពេលចុងក្រោយ ជាពិសេសរដូវកាលថ្មី ២០២១/២២ មាន់ខ្នាយមាសក៏គ្មានកៅអីលេងនៅពាន Europa League នោះដែរ ក្រោយបញ្ចប់រដូវកាលឈរចំណាត់ថ្នាក់ទី ៧។ មតិខ្លះក៏និយាយថា Son ដូចជាចាយពេល ៤ ឆ្នាំចោលទៀតហើយ លើកុងត្រាថ្មីនេះ ព្រោះនឹងមិនទទួលបានផ្លែផ្កាអ្វីឡើយជាមួយក្លឹប៕
ប្រភព៖ Tottenham Hotspur