ការប្រកួតលីគកំពូល សប្តាហ៍ទី៧ នឹងមកជុំគ្នាចំនួន៦ប្រកួតពេញ

ការប្រកួតកីឡាបាល់ទាត់ ក្របខ័ណ្ឌលីគកំពូលកម្ពុជា សប្តាហ៍ទី៧ រដូវកាល ២០២១ នឹងមកជុំគ្នាចំនួន៦ប្រកួតពេញ ដូចរាល់ដង តាមកម្មវិធីគ្រោងទុក នាថ្ងៃសៅរ៍ ទី១០ និងថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ បន្ទាប់ពីព្រឹត្តិការណ៍បាល់ទាត់កម្រិតខ្ពស់ជាងគេរបស់កម្ពុជា រដូវកាលនេះមានប្រកួតមួយចំនួនតែងតែពន្យារពេល ដោយសារវិបត្តិជំងឺកូវីដ-១៩។

យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា ៦ប្រកួតនេះ មាន៤ប្រកួត សម្រាប់រសៀលថ្ងៃសោរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ ដែលក្រុមការពារម្ចាស់ដំណែងជើងឯករដូវកាល ២០២០ បឹងកេតនឹងត្រូវប្រជែងពិន្ទុជាមួយក្រុមគិរីវង់សុខសែនជ័យ ខណៈអាស៊ីអឺរ៉ុប យូណាយធីត ប៉ះជាមួយវិសាខា។ រីឯក្រុមចំណូលថ្មី ខេត្តព្រៃវែង ត្រូវជួបជាមួយក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) ស្របពេលដែលក្រុមព្រះខ័នរាជស្វាយរៀងត្រូវប្រជែងពិន្ទុជាមួយក្រុមបាតតារាង សូលទីឡូអង្គរ។

ចំពោះ២ប្រកួតផ្សេងទៀត នារសៀលថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ គឺជាការប៉ះគ្នារបស់ក្រុមកំពុងក្តោបក្តាប់លើកំពូលតារាង អង្គរថាយហ្គឺរ ជាមួយក្រុមអគ្គិសនីកម្ពុជា ខណៈនគរបាលជាតិ ប៉ះភ្នំពេញក្រោន។គិតមកដល់ត្រឹមសប្តាហ៍ទី៦នេះ ៣ក្រុមដែលកំពុងឈរលើកំពូលតារាងជាបន្តបន្ទាប់ រួមមាន៖ ក្រុមអង្គរថាយហ្គឺ ឆ្លងកាត់៦ប្រកួត ឈ្នះ៥ប្រកួត ស្មើ១ប្រកួត មាន១៦ពិន្ទុ ឈរលេខ១បណ្តោះអាសន្ន ស្របពេលដែល៤ប្រកួតរបស់ភ្នំពេញក្រោន កំពុងក្តោបក្តាប់ចំណាត់ថ្នាក់លេខ២ មាន១២ពិន្ទុ ក្រោយឈ្នះទាំង៤ប្រកួត។ រីឯ៦ប្រកួតរបស់ក្រុមណាហ្គាវើលដ៍ ឈ្នះ៣ ស្មើ២ និងចាញ់១ មាន១១ពិន្ទុ ឈរលេខ៣បណ្តោះអាសន្ន ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT