លោក គីម ភក្ដី គ្រូបង្វឹកក្រុមបឹងកេត បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះកីឡាករ ចាន់ វឌ្ឍនាកា សម្រាប់ការបង្ហាញខ្លួនក្នុងជម្រើស១១នាក់លើកដំបូង ហើយបានបើកទំព័ររកបាន ៣គ្រាប់ម្នាក់ឯង (Hat-Trick) លើកដំបូង នៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២១ បន្ទាប់ពីរូបគេជួយក្រុមនាគខៀវ យកឈ្នះក្រុមម្ចាស់ផ្ទះខេត្តព្រៃវែង ៣-១ កាលពីថ្ងៃទី៣ ខែកក្កដាម្សិលមិញ។
គ្រូបង្វឹកក្រុមជើងឯក ៤សម័យកាលខាងលើ បានលើកឡើងក្រោយចប់ការប្រកួតថា ចាន់ វឌ្ឍនាកា បានបង្ហាញថា ខ្លួនបានត្រឡប់មកវិញហើយ ដើម្បីជួយក្រុម ក៏ដូចជាឆ្លើយតបទៅនឹងការទន្ទឹងរង់ចាំរបស់បងប្អូនអ្នកគាំទ្រ ដ្បិតការប្រកួតកន្លងមក អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះ បានត្រឹមប្ដូរចូលលេងនៅវគ្គទី២ ប៉ុណ្ដោះ។ ដូច្នេះ ការត្រឡប់មកវិញរបស់ខ្សែប្រយុទ្ធដ៏មុតស្រួចនេះ លោកបានចាត់ទុកជាសញ្ញាមួយដ៏ល្អ ដើម្បីបង្កើនការប្រកួតប្រជែង និងប្រយុទ្ធ ឆ្ពោះទៅការពារតំណែងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២១។
លោក គីម ភក្ដី បាននិយាយថា «យើងឃើញថា ការត្រឡប់មកវិញរបស់ វឌ្ឍនាកា គឺជាសញ្ញាមួយល្អ ដែលគាត់អាចជួយក្រុម គ្រាដែលកន្លងមក គាត់លេងបានរយៈពេលនាទីតិច ហើយបងប្អូនទស្សនិកជន ក៏ចេះតែចង់តាមមើលគាត់ ហើយពួកយើងជាអ្នកបច្ចេកទេស យើងចង់ផ្ដល់ឱកាសឲ្យកីឡាករ ដែលមានសក្ដានុពល ប៉ុន្ដែទោះបីយ៉ាងណា ក៏យើងត្រូវមើល Feed Back កម្លាំងរបស់គាត់ បច្ចេកទេសរបស់គាត់ តើការត្រឡប់មកវិញហ្នឹងបានកម្រិតណាហើយ? ដូច្នេះថ្ងៃនេះ គឺគាត់បានបង្ហាញថា គាត់អាចត្រឡប់មកវិញជាមួយក្រុម និងអាចបន្ដធ្វើការជាមួយគ្នាបន្ដទៀតបាន»។
សម្រាប់ការប្រកួតសប្ដាហ៍ទី៦ រវាងក្រុមបឹងកេត និងខេត្តព្រៃវែងម្សិលមិញ ចាន់ វឌ្ឍនាកា បានបង្ហាញវត្តមានលើទីលានស្ទើរពេញ ៩០នាទី ដោយខ្សែប្រយុទ្ធជំនាញជើងឆ្វេងរូបនេះ រកបាន៣គ្រាប់ម្នាក់ឯង នៅនាទីទី២, នាទីទី៤៦ និងនាទីទី៧៥ មុនប្ដូរចេញនៅនាទី៨៧។ នេះជាលើកដំបូងហើយ ដែលកីឡាករវ័យ២៦ឆ្នាំរូបនេះ បានជាប់ជម្រើស ១១នាក់ដំបូង និងធ្វើបាន Hat-Trick ខណៈ៤ប្រកួតកន្លងមក រូបគេបានត្រឹមប្ដូរចូលនៅវគ្គទី២ លើកលែងតែប្រកួតជាមួយសូលទីឡូអង្គរ ដែលរូបគេបានត្រឹមកម្ដៅសាច់ក្រៅទីលាន។ ចំពោះក្រុមបឹងកេត បច្ចុប្បន្នទើបរកបាន ៦ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់៥ប្រកួត ឈ្នះ២ និងចាញ់ ៣ប្រកួត៕
ប្រភពរូបភាព៖ Boeung Ket Football Club