លឹម ពិសុទ្ធ បានបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជា៩០នាទីពេញតែម្តងក្នុងជំនួបកម្ពុជាចាញ់អ៊ីរ៉ាក់៤ទល់១ ហើយជុំវិញនឹងការបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិឈុតធំដំបូងនេះ។
រូបគេបានបង្ហាញទម្រង់លេងល្អ ព្រមទាំងមានឱកាសស៊ុត និងគ្រប់បាល់ច្រើនទៀតផងតែយ៉ាងណារូបគេនិយាយថានៅមានចំណុចខ្វះខាតច្រើន ហើយខ្ញុំនឹងប្រឹងប្រែងជាងនេះទៀត។
ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំរូបនេះបាននិយាយថា៖ «សម្រាប់ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងហើយនិងសប្បាយចិត្តក្នុងការលេងផងដែរ ។ ខ្ញុំយល់ឃើញថាខ្លួនឯងមិនទាន់ល្អទេ នៅមានចំនុចខ្វះខាត ប៉ុន្តែខ្ញុំធ្វើបានល្អជាងការប្រកួតមុន» ។
សូមបញ្ជាក់ផងដែរថាការប្រកួតរវាងកម្ពុជា និងអុីរ៉ាក់បានបញ្ចប់ទៅជាមួយលទ្ធផល៤ទល់១ ហើយយើងឃើញថាអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិកម្ពុជាជាច្រើនមានការរីករាយជាមួយទម្រង់លេងរបស់ក្រុមជម្រើសជាតិកម្ពុជាផងដែរ បើទោះបីជាលទ្ធផលមិនបានឈ្នះក៏ពិតមែន ៕