ជម្រើសជាតិកម្ពុជាចេញ​ដំណើរ​ទៅ​បារ៉ែនស្អែកនេះហើយ បងប្អូនមានអ្វីជូនពរ?

បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះជាផ្លូវការនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ដែលមានសមាសភាព២៤នាក់ ក្រុមជម្រើសជាតិកម្ពុជានឹងត្រូវចេញដំណើរពីមាតុភូមិរបស់ខ្លួនឆ្ពោះទៅកាន់ប្រទេសបារ៉ែន ដែលជាកន្លែងហ្វឹកហាត់ និងជាទឹកដីកណ្តាលសម្រាប់ប្រកួត៣ប្រកួតចុងក្រោយ វគ្គជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ពីថ្ងៃទី៣រហូតដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។


លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាមានប្រសាសន៍នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះថា ដោយសារការពេលវេលាខ្លី ក្រុមជម្រើសជាតិកម្ពុជាមិន បានប្រមូលផ្តុំហ្វឹកហាត់នៅក្នុងស្រុកឡើយ ពោលគឺនឹងត្រូវចេញដំណើរនាវេលាម៉ោង ១១ និង៥៥នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០២​១ឆ្ពោះទៅកាន់ប្រទេសបារ៉ែន ដែលទឹកដីកណ្តាលសម្រាប់៣ប្រកួតចុងក្រោយរបស់កម្ពុជា ដោយត្រូវប៉ះជាមួយម្ចាស់ផ្ទះ បារ៉ែន វេលាម៉ោង ១១​និង​៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, ជួបជាមួយក្រុមអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងជួប១ប្រកួតចុងក្រោយជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ ក្រុមជម្រើសជាតិកម្ពុជាគ្រោងនឹងវិល ត្រឡប់មកកាន់កម្ពុជាវិញ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។


លោកអគ្គលេខាធិការបន្ថែមទៀតថា ក្រុមកម្ពុជានឹងត្រូវស្នាក់នៅរយៈពេល១៥ថ្ងៃ ដោយចាប់ផ្តើមហ្វឹកហាត់បច្ចេកទេសនៅទឹកដីប្រទេសបារ៉ែន តែម្តង ហើយមុនពេលជួបម្ចាស់ផ្ទះបារ៉ែន គឺក្រុមកម្ពុជានៅសល់ពេល១សប្តាហ៍ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ត្រៀម។​ នេះជាការប្រកួតបង្គ្រប់កិច្ចចុងក្រោយរបស់កម្ពុជា ដោយត្រូវធ្លាក់ចេញពីការប្រកួតត្រឹមជុំទី២នៃពូល Cនេះហើយ ដោយសារឆ្លងកាត់៥ប្រកួតកន្លងទៅ ក្នុងពូល C នេះ គឺក្រុមកម្ពុជាស្មើ១ប្រកួតជាមួយក្រុមហុងកុង ១-១ និងចាញ់​៤​ប្រកួត ដោយក្រុមកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ៥ ក្នុងចំណោម៥ក្រុមនៃពូលC ខណៈក្រុមអ៊ីរ៉ាក់កំពុងឈរលេខ១បណ្តោះអាសន្ន, បារ៉ែន លេខ២, អ៊ីរ៉ង់ លេខ៣, ហុងកុង លេខ៤។ ក្រុមជម្រើសជាតិកម្ពុជាមានសមាសភាព២៤នាក់ ស្ថិតក្រោមការដឹកនាំពីគ្រូបង្គោលជនជាតិជប៉ុន គឺលោក Ryu Hirose, អ្នកចាត់ការទូទៅ លោក Keisuke Honda, គ្រូជំនួយ លោក ភា សុភ័ក្ត្រា និងលោក អ៊ុក សុធី។


កាលពីប្រកួតជើងទី១ វគ្គជម្រុះជុំទី២ ពូលC (FIFA World Cup Qatar 2022) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ម្ចាស់ផ្ទះ កម្ពុជា បានប្រកួតចាញ់ក្រុមបារ៉ែន ០ទល់១, កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្រុមភ្ញៀវកម្ពុជាបានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ ដោយលទ្ធផល ០ទល់១៤ ហើយកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ក្រុមម្ចាស់ផ្ទះ កម្ពុជា ប្រកួតចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ០ទល់៤៕

រូបភាព FFC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT