Lionel Messi នៅរយៈពេលជាងប៉ុន្មានឆ្នាំចុងក្រោយ គេសង្កេតឃើញរមែងមានដោះដូរអាវក្រោយចប់ការប្រកួតជាមួយកីឡាករកំពូលៗជាច្រើន ដែលនៅក្នុងបន្ទប់តាំងអាវរបស់លោក មានឈ្មោះកីឡាករនៅជម្រើសជាតិ និងក្លឹប លំដាប់ពិភពលោករាប់មិនអស់។
យ៉ាងណាថ្មីៗនេះ កីឡាករអាហ្សង់ទីនបាននិយាយពីពេលវេលាកន្លងផុតទៅដ៏គួរឲ្យសោកស្តាយ នោះគឺការដោះដូរអាវជាមួយកីឡាករនៅក្លឹប Real Madrid ដែលលោកគួរតែធ្វើកាលពីជាង ១០ ឆ្នាំមុន ព្រោះអ្នកពេលនេះពួកគេចូលនិវត្តអស់ទៅហើយ។
Messi បាននិយាយបែបនេះថា៖ “ខ្ញុំចាប់ផ្តើមចូលចិត្តអាវរបស់កីឡាករនិងរបស់អនុស្សាវរីយនៅពេលដែលខ្ញុំចូលមកដល់វ័យចំណាស់បន្តិច ដោយពីមុនមកខ្ញុំមិនសូវចាប់អារម្មណ៍រឿងហ្នឹងទេ ហើយខ្ញុំពិតជាស្តាយដែលមិនបានសុំអាវពីកីឡាករមួយចំនួនដែលខ្ញុំធ្លាប់បានលេងប៉ះកាលនៅក្មេង ដូចជា Ronaldo [R9] និង Roberto Carlos ដោយខ្ញុំប្រហែលជាចូលចិត្តអាវរបស់ពួកគេខ្លាំង”។
បញ្ជាក់ថា កំឡុងពេលជំនាន់ Ronaldo Nazario និង Roberto Carlos នៅឈរជើងឲ្យ Real Madrid កាលនោះ Messi ទើបតែមានអាយុជាង ២០ ឆ្នាំស្តើងប៉ុណ្ណោះ ហើយគេក៏មិនទាន់ក្លាយជាកីឡាករលេចធ្លោដូចពេលបច្ចុប្បន្ននោះដែរ៕
ប្រភព៖ Sportskeeda