លោក Roberto Mancini គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីតាលី បានយកវិធីថ្មីមកដឹកនាំក្រុម ពោលគឺចាក់បទចម្រៀងបណ្ដើរ អំឡុងពេលហ្វឹកហាត់ ដើម្បីឱ្យកីឡាករមានអារម្មណ៍ល្អ។
នៅថ្ងៃប្រមូលផ្ដុំដំបូងរបស់ក្រុមជម្រើសជាតិអ៊ីតាលី លោក Mancini បានយក Speaker ធំមួយ មកដាក់ក្បែរកន្លែងហ្វឹកហាត់ ហើយចាក់បទចម្រៀងល្បីៗរួមទាំងបទរបស់ Miley Cyrus ផងដែរ ដើម្បីឱ្យកីឡាករស្ដាប់។ អតីតអ្នកចាត់ការរបស់ក្រុម Man City បានប្រើក្បួននេះ ដើម្បីឱ្យកីឡាករមានអារម្មណ៍ល្អ ហើយម្នាក់ៗពិតជាប្លែកចិត្តខ្លាំងណាស់។
អ្នកចាំទី Gianluigi Donnarumma របស់ក្រុមជម្រើសជាតិអ៊ីតាលី បាននិយាយថា៖ “វាជារឿងថ្មី ខ្ញុំជាប់ជម្រើសជាតិ៣ឆ្នាំហើយ ប៉ុន្តែមិនដែលឃើញមានរឿងនេះទេ។ ការហ្វឹកហាត់ជាបទភ្លេងកំដរ ពិតជាចម្លែកណាស់សម្រាប់ខ្ញុំ ហើយខ្ញុំក៏បានសួរទៅគ្រូបង្វឹកអ្នកចាំទីដែរ។ គាត់ប្រាប់ខ្ញុំថា នេះជាអ្វីដែលលោក Mancini ចង់ធ្វើ ដើម្បីបន្ធូរអារម្មណ៍កីឡាករ”៕ ប្រភព៖ dailymail