កាលពីប៉ុន្មានម៉ោងមុននេះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសតែងតាំងលោក ភា សុភ័ក្ត្រា និងលោក អ៊ុក សុធី ជាគ្រូជំនួយនៃក្រុមជម្រើសជាតិកម្ពុជា។
កាលពីប៉ុន្មានថ្ងៃមុន ប្រភពជិតសិ្នទ្ធបានបង្ហើបឲ្យដឹងថា គ្រូបង្វឹក ដែលមានរហស្សនាម ១២០ភាគរយ គឺលោក ភា សុភ័ត្រា នឹងវិលត្រឡប់មកចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជាសារជាថ្មីម្តងទៀត។ ការប្រកាសពីតួនាទីរបស់អតីតគ្រូបង្វឹកក្លឹបក្រសួងការពារជាតិរូបនេះ ទំនងជាអាចធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ ជាមួយនឹងបញ្ជីឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមខ្លួនធ្វើការហ្វឹកហាត់ចូលរួមការប្រកួតវគ្គជម្រុះ FIFA World Cup 2022 តំបន់អាស៊ី នៅដើមខែមិថុនា។
តែយ៉ាងណានៅថ្ងៃនេះ! ការពិតត្រូវបានបង្ហាញជាផ្លូវការហើយ។លោក ភា សុភ័ត្រា ធ្លាប់សម្រេចចិត្តចែកផ្លូវជាមួយក្រុមជម្រើសជាតិកម្ពុជាម្តងហើយ កាលពីដើមឆ្នាំ២០២០ ដោយហេតុផលផ្ទាល់ខ្លួន ហើយក្នុងនាមជាគ្រូជំនួយ ក៏ធ្លាប់រួមចំណែកជួយឲ្យក្រុមជម្រើសជាតិកម្ពុជា U22 ឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ ជាប្រវត្តិសាស្ត្រ នៃព្រឹត្តិការណ៍កីឡា SEAGAME 2019 ប្រទេសហ្វីលីពីនផងដែរ។ចំណែកលោកអ៊ុក សុធីបានចូលនិវត្តន៍ពីកីឡាករអាជីពរបស់ភ្នំពេញក្រោនកាលពីឆ្នាំ២០១៩ ហើយបានធ្វើជាគ្រូជំនួយរបស់ក្លិបមួយរយៈមុនពេលធ្វើជាគ្រូបង្វឹកយុវជនរបស់ក្លិប។
អ្នកទាំងពីរនឹងធ្វើជាមួយគ្រូបង្វឹកជម្រើសជាតិលោក លោក Ryu Hirose ដើម្បីដឹកនាំក្រុមជម្រើសជាតិប្រកួតជម្រុះ World Cup 2022 ដែលនៅសល់បីប្រកួតចុងក្រោយ។ និយាយអំពីជម្រើសជាតិកម្ពុជាវិញ ស្ថិតនៅពូលC ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើដំណើរទៅទឹកដីប្រទេសប៉ារ៉ែន នៅចុងខែឧសភានេះ។
សម្រាប់បេសកកម្មថ្មីរបស់ក្រុមកម្ពុជាក្នុងឆ្នាំ២០២១នេះ នឹងត្រៀមចូលរួមប្រកួតបន្តបង្រ្គប់កិច្ច ចំនួន៣ប្រកួតចុងក្រោយនៃវគ្គចែកពូលជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ដែលត្រូវប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី០៣ ខែមិថុនា ជួបជាមួយម្ចាស់ផ្ទះ អ៊ីរ៉ាក់ នាថ្ងៃទី០៧ ខែមិថុនា និងទទួលធ្វើម្ចាស់ផ្ទះ១ប្រកួតចុងក្រោយជាមួយក្រុមភ្ញៀវ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។