Lopetegui ៖ Benzema ​អាច​រក​បាន​៣០​ទៅ​៤០​គ្រាប់​រដូវកាល​នេះ

Real Madrid ​កំពុង​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ខ្លាំង ​បន្ទាប់​ពី​បើក​រដូវ​កាល​បាន​យ៉ាង​ល្អ​ឆ្លង​កាត់​៣​ប្រកួត​ឈ្នះ​ទាំង​៣​ប្រកួត និង​រក​គ្រាប់​បាល់​បាន​យ៉ាង​ច្រើន​ថែម​ទៀត។

ទន្ទឹម​នឹង​នេះ​ដែរ ​តំបន់​ប្រយុទ្ធ​ក្រោយ​ពី​ការ​ចាកចេញ​របស់ Cristiano Ronaldo ​ទៅ គឺ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត។ ក្រុម​កីឡាករ​ទាំង​អស់​លេងដោយ​មាន​ទំនុក​ចិត្ត​ខ្លាំង ​ជា​ពិសេស Karim Benzema ​តែ​ម្ដង។

រូបគេ​ចាប់​ផ្ដើម​ហ៊ាន​សម្រេច​ចិត្ត​ក្នុង​ការ​ស៊ុត​បាល់ និង​បច្ចេកទេស​គឺ​ល្អ​ឆ្ងាយ​ខ្លាំង​មែនទែន ​បើ​ធៀប​ជាមួយ​រដូវ​កាល​មុន​ៗ ឆ្លង​កាត់​៣​ប្រកួត​មក​នេះ។

 

៣​ប្រកួត រក​បាន​៤​គ្រាប់​របស់  Benzema ​បាន​ធ្វើ​ឱ្យ​លោក Lopetegui ​អ្នក​ចាត់ការ​ក្រុម Real Madrid ​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​ជឿ​ថា​គាត់​នឹង​ធ្វើ​បាន​កាន់​តែ​ល្អ​នៅ​រដូវ​កាល​នេះ។

ហេតុអ្វី​ដែល​ថា​គាត់​មិន​អាច​រក​បាន​៣០​ទៅ​៤០​គ្រាប់​នោះ? រឿង​សំខាន់​បំផុត​គឺ​ក្រុម​ទាំង​មូល ​ហើយ​គ្រាប់​បាល់​កើត​ឡើង​គឺ​ដោយសារ​តែ​ក្រុម​ទាំង​មូល។ គាត់​សប្បាយ​ចិត្ត​ដែល​រក​គ្រាប់​បាល់​បាន ​ហើយ​ជួយ​ក្រុម​ទទួល​បាន​ជ័យជម្នះ”៕

ប្រភព៖ Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT