លោក Ed Woodward បានលាលែងតំណែងពីប្រធានប្រតិបត្តិក្លឹប Manchester United ហើយ បន្ទាប់ពីមានដំណឹងថាបិសាចក្រហមដកខ្លួនចេញពីការប្រកួតពានរង្វាន់ European Super League ។
លោក Ed Woodward នឹងចាកចេញនៅពេលចប់រដូវកាលនេះឯណោះ ប៉ុន្តែលោកបានប្រកាសមុនពីដំណឹងចាកចេញនេះ ក្រោយពីក្លឹបបិសាចក្រហមសម្រេចចិត្តដកខ្លួនចេញពី Super League វិញ។ លោក ជាអ្នកនៅពីក្រោយនៃការបង្កើតពានរង្វាន់ថ្មីខាងលើនេះឡើង ដែលជាអ្នកចេញមុខទៅចរចាជាមួយធនាគារ JP Morgan របស់អាមេរិក ដើម្បីរកប្រាក់ជាង៤ពាន់លានដុល្លារមកទ្រទ្រង់ពានរង្វាន់ Super League ។
រំលឹកថាបុរសវ័យ៤៩ឆ្នាំខាងលើនេះ ធ្វើការជាមួយក្រុមបិសាចក្រហម១៦ឆ្នាំមកហើយ នឹងជួយក្លឹបនេះជោគជ័យជាច្រើនផងដែរ។ លោកបានជួយផ្នែកសេដ្ឋកិច្ចដល់ក្លឹបច្រើន តាំងពីឆ្នាំ២០០៥មក និងធ្វើឱ្យបិសាចក្រហមជាក្លឹបមានឈ្មោះល្បីល្បាញ៕
ប្រភព៖ DailyMail