Mourinho៖ “Bale មិន​ត្រឹម​តែ​ល្អ​ការ​បញ្ចប់​ទី​ទេ តែ​ការ​ប្រើប្រាស់​ល្បឿន​ក៏​មិន​ណយ​ដែរ”

នៅ​ការ​ប្រកួត​រវាង Tottenham Hotspur ទល់ Burnley កាល​ពី​យប់​មិញ បាន​បញ្ចប់​ទៅ​នៅ​លទ្ធផល ៤-០ ដែល​ក្នុង​ការ​ប្រកួត​នោះ​គេ​ឃើញ​ថា Gareth Bale បាន​ជាប់​នៅ​ជម្រើស ១១ នាក់​ដំបូង ហើយ​អ្វី​ដែល​អស្ចារ្យ​គឺ​គេ​រក​បាន ២ គ្រាប់។

Bale ហាក់​ដូច​ជា​វិល​ត្រលប់​មក​រក​ការ​លេង​ដ៏​ល្អ​វិញ ព្រោះ​ដល់ថ្នាក់​ប្រកួត​នេះ​ក៏ Jose Mourinho ដែល​ជា​អ្នកចាត់ការ​លាន់មាត់​សរសើរ​ផង​ដែរ។

ក្រោយ​ចប់​ការ​ប្រកួត អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​និយាយ៖ “ខ្ញុំ​ពិត​ជា​រីករាយ​សម្រាប់​គេ និង​សម្រាប់​ក្រុម​ទាំង​មូល ព្រោះ​ក្រុម​ត្រូវ​ការ​ទេពកោសល្យ​បែប​ហ្នឹង​ពី​ Bale ដោយ​គេ​ស្ងាត់ស្ងៀម​គេ​មិន​និយាយ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ស្តាប់​អ្វី​នោះ​ទេ ព្រោះ​គេ​មក​ពី Real Madrid ដែល​មិន​អើពើ​រឿង​បែប​ហ្នឹង​ឡើយ”។

លោក​បន្ថែម​ថា៖ “ខ្ញុំ​រីករាយ​នៅ​ពេល​ដែល​ឃើញ​ស្ថានភាព​គេ​ល្អ​បែប​ហ្នឹង ដូច​អ្វី​ដែល​គេ​បាន​ធ្វើ​ថ្ងៃ​នេះ ការ​លេង​របស់​គេ​ល្អ មិន​ត្រឹម​តែ​ការ​បញ្ចប់​ទី តែ​ថែម​ទាំង​ការ​ផ្លាស់ប្ដូរ​ល្បឿន ហើយ​ពុះ​ចូល​ទៅ​ក្នុង​ប្រអប់​ថែម​ទៀត”៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT