ក្រុម​តូច​បេះដូង​ធំ CFA បើក​កម្មវិធី​សប្បុរសធម៌​ ៤ លើក​ប្រមូល​លុយ​បាន​ជាង ១ មុឺន​ដុល្លារ

ក្រុម​បាល់ទាត់ Cambodian Fan Club All Stars ឬ​ហៅ​កាត់ CFA ទើប​តែ​បញ្ចប់​កម្មវិធី​សប្បុរសធម៌​លើក​ទី ៤ ​កាល​ពី​ពេល​ថ្មីៗ​នេះ ហើយ​វា​ជា​ជោគជ័យ​ដ៏​ធំធេង​មួយ​ទៀត​ក្នុង​អត្ថន័យ​ផ្សារភ្ជាប់ ការ​លេង​កីឡា​ទៅ​ក្នុង​ការងារ​សង្គម។

ឆ្លងកាត់​រយៈ​ពេល​នៃ​ការ​បង្កើត​ក្រុម​ជាង ១ ឆ្នាំ​កន្លះ​ បើ​ទោះ​បី​ជា CFA ពុំ​មែន​ជា​ក្រុម​អាជីព និង​ត្រឹម​ជា​ក្រុម​បាល់ទាត់​ដ៏​តូច​មួយ​ក្តី ប៉ុន្តែ​ពួក​គេ​បាន​ប្រមែប្រមូល​បង្កើត​នូវ​សកម្មភាព​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​លើក​ច្រើន​សារ ហើយ​ជា​ពិសេស​ផ្ទុះ​ការ​គាំទ្រ​ពី​បងប្អូន​លើ​ការងារ​សប្បុរសធម៌​ដែល​ប្រមូល​លុយ​បាន​ជាង ១ មុឺន​ដុល្លារ​ឯ​ណោះ។

ខាង​ក្រោម​ទំព័រ CTS Sports សូម​ធ្វើ​សរុប​ព្រឹត្តិការណ៍​សប្បុរសធម៌ ៤ លើក​ដែល CFA ធ្លាប់​បាន​សម្រេច​កន្លង​មក៖

១) ការ​ជួយ​ប្អូន​ស្រី ស៊ាន ស្រីនិច្ច

ជា​ក្មេង​ស្រី​ដែល​មាន​ជីវភាព​ខ្វះខាត​ហើយ​ត្រូវ​ការ​លុយ​ជា​ចាំ​បាច់​ដើម្បី​វះកាត់​ជើង​ម្ខាង ក៏​ត្រូវ​បាន​ក្រុម​ CFA ទទួល​ដំណឹង ហើយ​ប្រមែប្រមូល​គ្នា​បង្កើត​កម្មវិធី​មួយ​ឡើង​កាល​ពី​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ ២០២០។ ត្បិត​វា​ជា​លើក​ដំបូង​នៃ​ការ​បង្កើត​កម្មវិធី​សប្បុរសធម៌ តែ CFA ដែល​មាន​លោក អៃ សំអូន ជា​អ្នក​តំណាង ក៏​ទទួល​បាន​ជោគជ័យ​ធំ ប្រមូល​បាន​លុយ​ ២ ពាន់​ដុល្លារ ល្មម​នឹង​អាច​ជា​ចំណែក​ជួយ​ក្មេង​ស្រី​អាយុ ១៣ ឆ្នាំ​ឲ្យ​ទទួល​បាន​ការ​វះកាត់​ដោយ​ជោគជ័យ។

២) ការ​ជួយ​ប្អូន​ស្រី សន សារ៉ាត់

រំលង​បាន​មួយ​ខែ​នៅ​ឯ​តារាង AUPP មាន​ជំនួប 2MBET Derby កើត​ឡើង ដោយ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម CFA និង PEKMI FC ហើយ​ក្រៅ​ពី​ជា​ការ​ប្រកួត​មិត្តភាព CFA ក៏​ឈរ​លើ​គោលដៅ​ធំ​ដើម្បី​ជួយ​ដល់​ប្អូន​ស្រី សន សារ៉ាត់ ដែល​មាន​ជំងឺ​មហារីក​ខួរ​ឆ្អឹង​គ្មាន​លទ្ធភាព​ព្យាបាល។ កាល​នោះ CFA ​ប្រមូល​ថវិកា​បាន​ជាង ១ ៦០០ ដុល្លារ​ជួយ​ដល់​ប្អូន​ស្រី​ដែល​មាន​ទី​ស្នាក់​អាស្រ័យ​នៅ​ឯ​ខេត្ត​កណ្តាល។

៣) ការ​ជួយ​ប្អូន​ស្រី វ៉ែន ចាន់​រ៉ា


ឆន្ទៈ​ក្នុង​ការ​ចូលរួម​ការងារ​សង្គម សម្រាប់ CFA នៅ​តែ​មិន​បោះបង់ ហើយ​លើក​ទី ៣ នេះ​កាន់​តែ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់ និង​មាន​ការ​ចេញ​លិខិត​សរសើរ​ដែល​ទទួល​ស្គាល់​ដោយ​ឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ថែម​ទៀត​ផង។

ក្នុង​ការ​ប្រកួត​នោះ​គឺ​ទទួល​បាន​ការ​គាំទ្រ​ជា​ពិសេស​ពី​ប្រធាន​ក្លឹប​បាល់ទាត់​វិសាខា លោក​ជំទាវ កែ សួនសុភី ដែល​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​ដល់​ទៅ ២ ០០០ ដុល្លារ នាំ​ឲ្យ​ថវិកា​សរុប​នៅ​កម្មវិធី​កាល​នោះ​ទទួល​បាន​ដល់ ៣ ៨៦៨ ដុល្លារ ហើយជាងនេះឯកឧត្តម ស សុខា ក៏បានបង្ហាញការស្ងើចសរសើរចំពោះសកម្មភាពក្រុម CFA ជាពន់ពេកផងដែរ។ លុយ​ដែល​ទទួល​បាន​ទាំងអស់ គឺ​ CFA យក​ទៅ​ជួយ​ប្អូន​ស្រី វ៉ែន ចាន់រ៉ា ដែល​ខ្វះខាត​ថវិកា និង​ទាមទារ​ការ​វះកាត់​ជំងឺ​ដុះ​សាច់​លើ​ផ្ទៃ​មុខ​កម្រិត​ធ្ងន់។

៤) ការ​ជួយ​បង​ស្រី ជុន សូរ៉ា

រំលង​ចូល​មក​ដល់​ថ្ងៃ​ទី ២០ ​កុម្ភៈ ឆ្នាំ ២០២១ កន្លង​ទៅ នៅ​ឯ​តារាង AIA Stadium មាន​ការ​ជួបជុំ​នៅ​កីឡាករ​ពី​សំណាក់​ក្រុម​ទាំង ៥ និង​សិល្បករ​ល្បីៗ​ជា​ច្រើន​ចូលរួម ក្នុង​គោលដៅ​រៃអង្គាស​ថវិកា​ជួយ​ដល់​បង​ស្រី ជុន សូរ៉ា ដែល​មាន​ជំងឺ​ដុះ​សាច់​លើ​ផ្ទៃ​មុខ បាន ៣ ៤៩៦ ដុល្លារ។

នៅ​កម្មវិធី​នោះ​ CFA ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ការ​ផ្តល់​កិត្តិយស​ពី​សំណាក់​ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ឈន សារ៉េណេ និង​លោក​ជំទាវ ដែល​បាន​អញ្ជើញ​ចូលរួម​កម្មវិធី និងការចេញ​លិខិត​សរសើរ​ដល់​ក្រុម CFA ដែល​បាន​ចូលរួម​ការងារ​សង្គម​ជា​រឿយៗ​ផង​ដែរ៕​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT