កីឡាបាល់ទះក៏ជាប្រភេទកីឡាដែលទទួលបានការគាំទ្រខ្លាំង បើធៀបនឹងវិស័យកីឡាឯទៀត ហើយនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ក៏សង្កេតឃើញបងប្អូនយើង មានការគាំទ្រភ្ល្លូកទឹកភ្លូកដីនៅរាល់ការប្រកួតធំៗផងដែរ។
ដើម្បីជាចំណែកចូលរួមលើកស្ទួយដល់វិស័យកីឡាបាល់ទះ ទំព័រ CTS Sports ក៏រមែងធ្វើការចែករំលែកនៅជ្រុងព័ត៌មានល្អៗជាច្រើនពាក់ព័ន្ធនឹងកីឡាមួយនេះ ហើយនៅអត្ថបទនេះផ្ទាល់ យើងសូមធ្វើការបង្ហាញអ្នកគាំទ្រនៅបញ្ជីឈ្មោះកីឡាករបាល់ទះទាំង ១០ ដែលទទួលបានប្រាក់ពលកម្មខ្ពស់បំផុតក្នុងលោក៖ (បញ្ជាក់៖ ជាទំហំប្រាក់ពលកម្ម/ឆ្នាំ)
១០) Ivan Zaytsev រកបាន ៦២០ ០០០ ដុល្លារ
ជាប្រធានក្រុមបាល់ទះជម្រើសជាតិអ៊ីតាលី និងបច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹបនៅប្រទេសរុស្ស៊ី។ កីឡាករដែលមានកម្ពស់ ២,០៤ ម៉ែត្រ ជាអ្នកលេងនៅតំណែង វ៉ៃខាងមុខ។ ឆ្លងកាត់ការលេងឲ្យជម្រើសជាតិរយៈពេលជាង ១០ ឆ្នាំ IvanZaytsev ធ្លាប់ជាចំណែកជួយឲ្យក្រុមបាល់ទះអ៊ីតាលីទទួលបានមេដាយប្រាក់នៅកីឡាអូឡាំពិកឆ្នាំ ២០១៦ ក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល និងមេដាយសម្រិតឆ្នាំ ២០១២ នៅទីក្រុងឡុង ចក្រភពអង់គ្លេស។
៩) Maxim Mikhaylov រកបាន ៧១៤ ០០០ ដុល្លារ
ជាកីឡាករស្ម័គ្រស្មោះនឹងក្លឹប Zenit Kazan តាំងពីឆ្នាំ ២០១០ មកទល់ពេលបច្ចុប្បន្ន ហើយនៅជម្រើសជាតិរុស្ស៊ីលោកបានបញ្ចប់អាជីពកាលពីឆ្នាំ ២០១៩។ កីឡាករកម្ពស់ ២,០២ ម៉ែត្រ ជាអ្នកលេងតំណែង វ៉ៃ ៣ ម៉ែត្រ ហើយនិយាយពីជោគជ័យធំៗគេធ្លាប់ជួយក្រុមជម្រើសជាតិរុស្ស៊ីឈ្នះមេដាយមាស ៧ គ្រឿង ដោយមានទាំងនៅអូឡាំពិកឆ្នាំ ២០១២ និង World Cup ឆ្នាំ ២០១១។
៨) Matt Anderson រកបាន ៨៥០ ០០០ ដុល្លារ
ជាកីឡាករបាល់ទះអាមេរិក ដែលធ្លាប់ជួយជម្រើសជាតិឈ្នះមេដាយមាស ៥ គ្រឿង ហើយសព្វថ្ងៃកំពុងបម្រើអាជីពនៅក្លឹប Shanghai Golden Age របស់ប្រទេសចិន។ បុរសវ័យ ៣៣ ឆ្នាំអាចលេងបានទាំងនៅតំណែង អ្នកវ៉ៃ ៣ ម៉ែត្រ និងអ្នកវ៉ៃខាងមុខ។
៧) Gyorgy Grozer រកបាន ៨៧០ ០០០ ដុល្លារ
បុរសមានដើមកំណើតក្នុងប្រទេសហុងគ្រី បានជាប់សញ្ជាតិនិងប្តូរមកចូលរួមនៅក្រុមជម្រើសជាតិអាល្លឺម៉ង់កាលពីឆ្នាំ ២០០៧ ពោលគឺកំឡុងពេលដែលគេបានឈរជើងកាន់ឆ្នាំនៅក្លឹប Moerser SC។ កីឡាករពាក់អាវលេខ ៩ លេងនៅតំណែងជា អ្នកវ៉ៃខាងមុខ ហើយនៅជម្រើសជាតិគេធ្លាប់ជួយឲ្យក្រុមឈ្នះមេដាយមាសនៅព្រឹត្តិការណ៍ European League កាលពីឆ្នាំ ២០០៩។
៦) Aleksandar Atanasijević រកបាន ៩២០ ០០០ ដុល្លារ
បច្ចុប្បន្នគេលេងឲ្យឲ្យក្រុមជម្រើសជាតិស៊ែបី និងក្លឹបនៅអ៊ីតាលី Sir Safety Perugia។ Aleksandar ធ្លាប់បានចូលរួមនៅព្រឹត្តិការណ៍ធំៗជាច្រើនដូចជាកីឡាអូឡាំពិកឆ្នាំ ២០១២ និង European Champion ឆ្នាំ ២០១១ និង ២០១៩ ហើយជានិច្ចកាលរមែងជាប់ឈ្មោះជា កីឡាករនិងស្មាត់ល្អបំផុតប្រចាំការប្រកួតទៀតផង។
៥) Dmitriy Muserskiy រកបាន ៩៥០ ០០០ ដុល្លារ
ជាកីឡាករមានដើមកំណើតក្នុងប្រទេសអ៊ុយរុយហ្គាយ តែចូលរួមលេងឲ្យក្រុមជម្រើសជាតិរុស្ស៊ីដែលជាសញ្ជាតិទីពីរ។ គេចាប់ផ្ដើមលេងបាល់ទះតាំងពីអាយុ ៨ ឆ្នាំ ហើយដោយសារអំណោយទានផ្នែកកម្ពស់ពីធម្មជាតិ ដល់ទៅ ២,១៨ ម៉ែត្រ ក៏នាំឲ្យគេអាចលេងនៅតំណែងជា អ្នកលោតបាំង បានយ៉ាងល្អបំផុត ហើយសព្វថ្ងៃជាកីឡាករសកម្មរបស់ក្លឹប Sunntory Sunbirds នៅឯប្រទេសជប៉ុន។
៤) Robertlandy Simon រកបាន ៩៦៧ ០០០ ដុល្លារ
ជាកីឡាករមាឌឌាំងរបស់គុយបា ដែលលេងនៅតំណែង ជាអ្នកលោតបាំង។ ក្នុងអាជីពរយៈពេលជិត ១០ ឆ្នាំ គេបានឆ្លងកាត់ការលេងឲ្យក្លឹបដល់ទៅ ៦ ហើយបច្ចុប្បន្នជាកីឡាករនៅក្លឹបមួយក្នុងលីគកំពូលប្រទេសអ៊ីតាលី។ នៅជម្រើសជាតិគុយបា Simon ក៏ធ្លាប់ជួយឲ្យក្រុមឈ្នះមេដាយមាស ២ លើកផងដែរ។
៣) Bartosz Kurek រកបាន ១,១ លានដុល្លារ
កីឡាករសញ្ជាតិប៉ូឡូញ មានឈាមជ័រដែលឪពុកជាអតីតកីឡាករបាល់ទះមួយរូបនៅជម្រើសជាតិកាលពីអតីតកាល។ ការចាប់ផ្តើមដំបូងរបស់គេ គឺប្រលូកក្នុងវិស័យកីឡាបាល់បោះទេ លុះក្រោយមកទើបប្តូរមកលេងកីឡាបាល់ទះ ហើយឃើញថាបានទទួលផ្លែផ្កាគួរឲ្យកត់សម្គាល់។ កាលពីឆ្នាំ ២០១៨ កីឡាករលេងតំណែង អ្នកវ៉ៃខាងមុខ រូបនេះធ្លាប់ជួយឲ្យជម្រើសជាតិប៉ូឡូញឈ្នះមេដាយមាសនៅព្រឹត្តិការណ៍ FIVB World Championship ដែលមានប្រទេសប៊ុលហ្គារីនិងអ៊ីតាលីជាម្ចាស់ផ្ទះ។
២) Earvin N’Gapeth រកបាន ១,៣៥ លានដុល្លារ
កីឡាករជំនាញលេងនៅតំណែង អ្នកវ៉ៃ ៣ ម៉ែត្រ រូបនេះបានចាប់ផ្តើមអាជីពជាមួយក្លឹប Tours VB កាលពីឆ្នាំ ២០០៨ ហើយសព្វថ្ងៃកំពុងលេងឲ្យក្លឹបនៅរុស្ស៊ី ជាមួយកុងត្រាមានសុពលភាព ២ ឆ្នាំ។ នៅជម្រើសជាតិរុស្ស៊ី បុរសវ័យ ២៩ ឆ្នាំក៏ធ្លាប់ជួយក្រុមឈ្នះមេដាយមាស ២ លើកនៅព្រឹត្តិការណ៍ FIVB World League និង ១ លើកនៅព្រឹត្តិការណ៍ CEV European Championship។
១) Wilfredo Leon រកបាន ១,៤ លានដុល្លារ
ម្នាក់នេះហើយដែលគេដាក់រហស្សនាមថាជា “Cristiano Ronaldo ក្នុងពិភពបាល់ទះ” ដោយកំឡុងពេលគេមានអាយុ ២៤ ឆ្នាំ កីឡាករសញ្ជាតិពីរគុយបាយ/ប៉ូឡូញបានឈ្នះពានរង្វាន់ជាច្រើន ហើយសព្វថ្ងៃកំពុងបន្តឈរជើងនៅជម្រើសជាតិប៉ូឡូញ និងក្រុមអ៊ីតាលី Sir Safety Perugia។ ក្រៅពីប្រាក់ពលកម្មដែលទទួលបានពីក្លឹប គេក៏កើបបានចំណូលមួយផ្នែកផ្សេងទៀតពីក្រុមហ៊ុនដែលជាម្ចាស់ឧបត្ថម្ភ និងកុងត្រាលើកិច្ចព្រមព្រៀងនានាផងដែរ៕
ប្រភព៖ Fancyodds