រាជិនី​បាល់ទះ បងប្អូន​ស្រី​ត្រកូល Gunes ទាំង ៣ រួម​អាជីព​តែ​មួយ រញ្ជួយ​ចិត្ត​បុរសៗ​ផុង​អស់​បេះដូង

បើ​និយាយ​អំពី​វិស័យ​កីឡា​សម្រាប់​នារីៗ នៅ​ក្នុង​ប្រទេស​ទួរគី គឺ​គេ​ចាប់​អារម្មណ៍​លើ​ផ្នែក​បាល់ទះ ខ្លាំង​ជាង​បាល់ទាត់ ហើយ​បង្វែរ​ទៅ​មើល​ចំណាត់ថ្នាក់ Ranking ​លំដាប់​ពិភពលោក ក៏​ក្រុម​ជម្រើស​ជាតិ​មួយ​នេះ ឈរ​លេខ​រៀង​ទី ១ នាំ​មុខ​ទាំង​លើ​សហរដ្ឋអាមេរិក អ៊ីតាលី និង​ប្រេស៊ីល​ជា​ដើម។

ជ្រៀត​ទៅ​ធនធាន​កីឡាការនី​នៅ​ទី​នោះ ក្រៅ​តែ​ពី​កាយសម្បទា ទេពកោសល្យ​អំណោយ​ទាន ទៀត​សោត​បង្វែរ​ទៅ​មើល​សម្រស់ ក៏​រមែង​ឆក់​យក​បេះដូង​បុរសៗ​អ្នក​គាំទ្រ​មិន​ចេះ​តិច​នាក់​ផង​ដែរ ជា​ពិសេស​គឺ​ត្រកូល​គ្រួសារ Gunes (ហ្គូណេស) ដែល​បងប្អូន​ស្រី​បង្កើត​ទាំង ៣ សព្វថ្ងៃ​សុទ្ធ​សឹង​ជា​កីឡាការនី​រួម​អាជីព​បាល់ទះ​តែ​មួយ។ CTS SPORTS បង្ហាញ​ឲ្យ​ស្គាល់​នូវ​រឿងរ៉ាវ​សំខាន់ៗ​អំពី​ពួក​នាង៖

៣) កូន​ស្រី​ច្បង Zehra Gunes (ហ្សេរ៉ា ហ្គូណេស)

បងប្អូន​អ្នក​ស្នេហា​កីឡា​បាល់ទះ​អន្តរជាតិ ប្រហែល​ជា​ធ្លាប់​បាន​ឃើញ​នូវ​រូបភាព​ចែកចាយ​ជា​ច្រើន​សន្លឹក​ចេញ​ពី​រាជិនី​បាល់ទះ​ទួរគី វ័យ ២៤ ឆ្នាំ សព្វថ្ងៃ​ក៏​ជា​សមាជិក​មួយ​ក្នុង​ជម្រើស​ជាតិ​ផ្នែក​នារី ទើប​តែ​វាយ​បាន​មេដាយ​មាស​ថ្មីថ្មោង​នៅ​ព្រឹត្តិការណ៍ FIVB Nations League ២០២៣។

នាង​ជា​កូន​ស្រី​ច្បង​ក្នុង​ត្រកូល​គ្រួសារ Gunes មាន​កម្ពស់ ១,៩៧ ម៉ែត្រ ទម្ងន់ ៨៤ គីឡូក្រាម លេង​តំណែង​ជា​អ្នក​លោត​បាំង (Middle Blocker) ជាប់​រហស្សនាម​ជា​រនាំង​យក្ស​កំពូល​សម្រស់។ សមិទ្ធផល​សម្រេច​ជូន​ជាតិ ធ្លាប់​កាន់​មេដាយ​សំរឹទ្ធ ២ គ្រឿង ប្រាក់ ២ គ្រឿង និង​មាស ២ គ្រឿង ហើយ​ជាមួយ​ក្លឹប​កំពុង​បម្រើ​អាជីព​នៅ​ក្លឹប Vakifbank Istanbul សរុប​ទាំង​ពីរ​លើក​ចូល​ជាង ១០ ឆ្នាំ​មក​ហើយ។

ហែល​កាត់​ក្នុង​អាជីព​តាំង​ពី​នៅ​ក្មេង​វ័យ ក្រៅ​តែ​ពី​គុណភាព​ក្នុង​តារាង​បាល់ទះ ជា​ញឹកញយ Zehra ក៏​ចាយ​សម្រស់​បង្ហោះ​រូបភាព​ស្រស់​សោភា​ជា​ច្រើន​សន្លឹក​លើ​បណ្តាញ​សង្គម នាំ​ឲ្យ​មាន​អ្នក​តាម Followers ដល់ ៣ លាន​នាក់​លើ​ Instagram។

២) កូន​ស្រី​កណ្តាល Irem Nur Gunes (អ៊ីរឹម នួរ ហ្គូណេស)

បើ​មិន​ប្រាប់​ប្រហែល​គ្នា​យើង​ភាគ​ច្រើន​មិន​ដឹង​នោះ​ទេ ថា Zehra ក៏​មាន​បងប្អូន​ស្រី​ពីរ​រូប​ផ្សេង​ទៀត ហើយ​ទាំង​សម្រស់ ទាំង​ទេពកោសល្យ​ក៏​រត់​លើ​គន្លង​តែ​មួយ។ នេះ​ចូល​មក​ដល់​កូន​កណ្តាល មាន​អាយុ ១៩ ឆ្នាំ លេង​តំណែង​ជា​ស្មាត់ Opposite Hitter ឲ្យ​ក្លឹប​បាល់ទះ Edremit Bld. Altinoluk នៅ​ក្របខ័ណ្ឌ​លំដាប់​កំពូល​ប្រចាំ​ផ្ទៃ​ប្រទេស​ដូច​គ្នា តែ​កីឡាការនី​កម្ពស់ ១,៨៨ ម៉ែត្រ​រូប​នេះ មិន​ទាន់​មាន​ឈ្មោះ​ជាប់​ជម្រើស​ជាតិ​នៅ​ឡើយ។

ទោះ​យ៉ាង​ណា Irem មិន​ទាន់​ជា​ល្បីល្បាញ​ខ្លាំង​ដូច​បង​ស្រី​របស់​នាង​ ត្រង់ការ​គាំទ្រ​លើ Instagram ទើបមាន​តែ​ជិត ៤ មុឺន Followers។

១) កូន​ស្រី​ពៅ Mina Gunes (មីណា ហ្គូណេស)

កើត​នៅ​ខែ​មិថុនា ឆ្នាំ ២០០៦ គិត​មក​ទល់​សព្វថ្ងៃ មាន​អាយុ​ទើប​តែ ១៧ ឆ្នាំ​ប៉ុណ្ណោះ ដល់​តែ​មើល​មុខមាត់​រូប​សម្រស់​ជា​រួម បាន​ដឹង​ថា បងប្អូន​ស្រី​បង្កើត​ទាំង ៣ ប្រៀប​ដូច​ជា​កូន​ភ្លោះ​អ៊ីចឹង។ មាន​កម្ពស់ ១,៨៨ ម៉ែត្រ ទម្ងន់ ៧៤ គីឡូក្រាម ​ជា​ស្មាត់​ឆ្វេង នៅ​តំណែង Opposite Hitter ឲ្យ​ក្លឹប​ឈុត​តូច Vakifbank II ទ្រនំ​តែ​មួយ ដូច​ទៅ​នឹង​បង​ស្រី​របស់​នាង Zehra ដែរ។

ដូច្នេះ​បើ​បន្ត​អភិវឌ្ឍ​គុណភាព​កាន់​តែ​ល្អ ត​ទៅ​មុខ​ថា​មិន​ត្រូវ​ត្រកូល Gunes ទាំង ៣ នឹង​រំលេច​ក្នុង​ឈុត​ជម្រើស​ជាតិ​តែ​មួយ​ក៏​អាច​ទៅ​រួច មាន​ស្មាត់​ចាំ​គប់ មាន​រនាំង​ចាំ​បាំង ពេញលេញ​ល្អ​ណាស់៕

ប្រភព៖ បរទេស​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT