ប្រធានក្រុមបាល់ទះជម្រើសជាតិ សួន ចាន់ណារ៉ូ ប្រាប់មូលហេតុចូលនិវត្តន៍ ពីជម្រើសជាតិ ក្រោយចប់ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣។
កីឡាករកម្ពស់ ១,៩៣ម៉ែត្រ សួន ចាន់ណារ៉ូ បានប្រាប់ថា ពិតជាសម្រេចចិត្តច្បាស់មែន បើទោះពេលនេះ វ័យហាក់មិនទាន់ជាចាស់ខ្លាំងក៏ដោយ។ ដើមចមនៃការប្រកាសចូលនិវត្តន៍ទាំងវ័យក្មេងបែបនេះ គឺដោយសារតែខ្លួនរូបគេ ចង់ផ្ដល់ពេលវេលាជាមួយគ្រួសារឱ្យបានច្រើនបន្តិច និងមានការងារជាច្រើនទៀត គឺទាក់ទងនឹងការងារជាមន្ត្រីរាជការដែលត្រូវបំពេញ។
កីឡាករវ័យ២៩ឆ្នាំខាងលើ បាននិយាយបែបនេះថា៖ « ខ្ញុំសម្រេចចិត្តច្បាស់ហើយបង គឺចប់ស៊ីហ្គេម ខ្ញុំសុំឈប់ពីជម្រើសជាតិ ហើយក៏សម្រេចចិត្តចែកផ្លូវគ្នាជាមួយក្លិបវិសាខាដែរ។ ខ្ញុំឈប់នេះក៏ដោយសារខ្ញុំចង់ផ្ដល់ឱកាសឱ្យក្មេងៗស្រករក្រោយ គាត់បានបង្ហាញសមត្ថភាព ហើយខ្ញុំទៀតសោត ត្រូវទៅបម្រើការងារនៅអង្គភាព និងចង់ផ្ដល់ពេលវេលាខ្លះជាមួយគ្រួសារ ព្រោះថាខ្ញុំបានចំណាយពេលវេលាច្រើនជាមួយបាល់ទះនេះ អស់ជាង១០ឆ្នាំហើយដែរ។ ណាមួយទៀត ខ្ញុំក៏ហាក់ថមថយកម្លាំង មិននៅខ្លាំង និងរហ័សរហួនដូចមុនដែរបង អ៊ីចឹងហើយក៏សម្រេចចិត្តប្រកាសថា ចូលនិវត្តន៍ ក្រោយចប់ស៊ីហ្គេមនេះតែម្ដងទៅ»។
សួន ចាន់ណារ៉ូ បានចូលប្រឡូកអាជីពកីឡាបាល់ទះ នៅឆ្នាំ២០១២ ដោយចូលដំបូងលេងឱ្យក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ តែក្រោយមកក៏បានផ្លាស់ទៅលេងឱ្យក្លិបសសយកខេត្តព្រៃវែង ហើយក្លិបនេះក៏បានប្ដូរឈ្មោះមកជាក្លិបវិសាខា ដល់បច្ចុប្បន្ន។ អ្នកលើកបាល់របស់កម្ពុជារូបនេះ បានជាប់ជម្រើសជាតិ នៅឆ្នាំ២០១៥ និងបានចេញទៅប្រកួតស៊ីហ្គេម នៅក្រៅប្រទេសសរុបបានចំនួន៣លើក គឺស៊ីហ្គេម ឆ្នាំ២០១៧ នៅសិង្ហបុរី ស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម៕