Pep បោះ​សម្តី​ឲ្យ​មេ​ចាស់​នៅ Barcelona រឿង​ចង់​បាន Garcia

នៅ​រយៈ​ពេល​ចុង​ក្រោយ មាន​ការ​លើក​ឡើង​ជា​រឿយៗ​តាម​រយៈ​ពាក្យ​សម្តី​របស់​បេក្ខភាព​ប្រធាន​ក្លឹប​ដូច​ជា​លោក Victor Font ជា​ដើម ដែល​និយាយ​ថា​ក្លឹប​ Barcelona នឹង​នាំ​យក Eric Garcia ត្រលប់​មក Camp Nou វិញ ទាំង​ដែល​កុងត្រា​របស់​ខ្សែ​ការពារ​វ័យ​ក្មេង​រូប​នេះ​ត្រូវ​ផុត​នៅ​ចុង​ខែ​មិថុនា ឆ្នាំ ២០២១។

យ៉ាងណាមិញ​អ្នកចាត់ការ​លោក Pep Guardiola និង​ធ្លាប់​ជា​អតីត​បុគ្គលិក​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ Font បាន​ចេញ​មុខ​មក​និយាយ​បែប​នេះ​ថា៖ “ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ច្រើន​ទេ​អំពី​រឿង​នេះ ព្រោះ​មាន​មនុស្ស [សំដៅ​ដល់​ភាគី​ Barcelona] និយាយ​អំពី​វា​ច្រើន​ពេក”។

លោក​បន្ត៖ “Garcia គេ​ជា​កីឡាករ​របស់​យើង ហើយ​ទីផ្សារ​ដោះដូរ​ក៏​នឹង​បញ្ចប់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ហើយ ដោយ​យើង​នៅ​តែ​ប្តេជ្ញា​ចិត្ត​ពេញទំហឹង​ជាមួយ​គេ ព្រោះ​គេ​ជា​កីឡាករ​ល្អ​មួយ​រូប”។

បញ្ជាក់​ថា​មេឃ​ខៀវ​កំពុង​ឈរ​លើ​គោលជំហរ​ប្រជែង​ពាន Premier League នា​រដូវ​កាល ២០២០/២១ ក្រោយ​ពី​យក​ឈ្នះ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ រំកិល​ឡើង​មក​ឈរ​កំពូល​តារាង​នាំ​មុខ​ក្រុម​លេខ ២ Man Utd ១ ពិន្ទុ និង​នៅ​សល់​ ១ ប្រកួត​ក្នុង​ដៃ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT