កៅអីកំពូលតារាងលីគរបស់បឹងកេត​ កាន់តែក្តៅគគុក ខណៈជួបសុទ្ធក្រុមខ្លាំងជាប់ៗគ្នា

នៅក្នុងកាលវិភាគប្រកួតក្នុងជើងទីពីរ ចាប់តាំងពីសប្តាហ៍ទី ១៦ កន្លងមក បឹងកេត ដែលជាក្រុមកំពូលតារាងលីគកំពូលកម្ពុជា បានជួបសុទ្ធតែជាក្រុមខ្លាំង គ្រាដែលពិន្ទុរបស់ពួកគេគៀកនឹងក្រុមប្រជែង។

ត្រឡប់ទៅកាលពីសប្តាហ៍ទី ១៦ ដែលចាញ់ក្រសួងការពារជាតិ ២-០ ក្រោយមកបឹងកេត បានយកឈ្នះនៅក្នុងសប្តាហ៍ទី ១៧ វិញ ពោលគឺ ១-០ ទល់នឹង វិសាខា ។

យ៉ាងនេះក្តី ពួកគេនឹងត្រូវបន្តជួប ណាហ្គាវើល ដែលជាគូប្រជែងសំខាន់បំផុត នៅថ្ងៃស្អែក ក្នុងសប្តាហ៍ទី ១៨។

ក្រុមឈ្នះ ពិតណាស់នឹងត្រូវកាន់កៅអីកំពូលតារាង ប៉ុន្តែមិនទាន់កំណត់ក្រុមជើងឯកនោះឡើយ គ្រាដែលការប្រកួតនឹងបញ្ចប់នៅសប្តាហ៍ទី ២២ ។

គួរបញ្ជាក់ថា ៦ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ ណាហ្គាវើល មិនទាន់ស្គាល់បរាជ័យទេ តែបឹងកេតស្គាល់ម្តង គឺចាញ់ក្រសួងការពារជាតិនោះឯង ។

សូមជម្រាបថា ក្រោយជួបណាហ្គាវើលហើយ បឹងកេត នឹងត្រូវជួប ព្រះខ័នរាជស្វាយរៀង ជាបន្តទៀត នៅក្នុងសប្តាហ៍ទី ១៩ ។

ចាំមើលថាតើ ការជួបក្រុមខ្លាំងៗទាំងនេះ អាចធ្វើឱ្យកៅអីកំពូលតារាងរបស់បឹងកេត ប្រែប្រួលឬទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT