វាយ​បក​សាហាវ​ណាស់! Zenit ​បង្កើត​ប្រវត្តិ​ថ្មី​ក្នុង​វិស័យ​បាល់ទាត់​អឺរ៉ុប

Zenit ​បាន​ឡើង​ទៅ​វគ្គ​បន្ដ​ហើយ​ក្នុង​ពាន​រង្វាន់ Europa League ​ក្រោយ​ពី​វាយ​បក​យក​ឈ្នះ​លើ​ក្រុម Dinamo Minsk ​ក្នុង​លទ្ធផល ៨-៥ ​គិត​ទាំង​ពីរ​ជើង។

កាល​ពី​ជើង​ទី​១​កន្លង​ទៅ Zenit ​បរាជ័យ​ក្នុង​លទ្ធផល ៤-០ ​ម្ដង​មក​ហើយ ​ដែល​ធ្វើ​ឱ្យ​ក្រុម Dinamo Minsk ​សឹង​តែ​គិត​ថា​ខ្លួន​មាន​ឱកាស​ច្រើន​បំផុត​ដើម្បី​ឡើង​ទៅ​វគ្គ​បន្ដ។ យ៉ាងណាមិញ ​នៅ​ជើង​ទី​២ ​យប់មិញ​នេះ ​ក្រុម​រុស្ស៊ី​បែរ​ជា​អាច​បង្កើត​ជា​រឿង​ភ្ញាក់​ផ្អើល​មួយ​ទៅ​វិញ ​ដោយ​អាច​យក​ឈ្នះ​ក្នុង​លទ្ធផល ៤-០ ​លើ​ក្រុម​ Dinamo Minsk ​បើ​ទោះ​ជា​ពួកគេ​មាន​គ្នា​ត្រឹម​១០​នាក់​ក៏​ដោយ​។ ក្រោយ​ពី​លេង​ទាំង​ពីរ​ជើង ​ស្មើ​គ្នា ៤-៤ ​នេះ​ហើយ ​ការ​ប្រកួត​តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​ថែម​១៥​នាទី​២​ដង ​ដើម្បី​កាត់​សេចក្ដី។

 

វគ្គ​ថែម​ម៉ោង​នេះ ​កាន់​តែ​ជក់​ចិត្ត​ថែម​ទៀត ​ដោយ​ក្រុម​ Dinamo Minsk ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​១​គ្រាប់​មុន ប៉ុន្តែ​មិន​រក្សា​លទ្ធផល​នេះ​បាន​ឡើយ។ ​ដោយ Zenit ​ដែល​មាន​គ្នា​ត្រឹម​១០​នាក់​នោះ ​អាច​រក​គ្រាប់​បាល់​បាន​ផ្ទួន​ៗ​គ្នា ​ដល់​ទៅ​៤​គ្រាប់​បន្ថែម​ទៀត ដើម្បី​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​ជើង​ទី​២​នេះ ​៨-១ ​ឬ​គិតទាំង​ពីរ​ជើង​ទៅ ៨-៥។

 

នេះ​ជា​ការ​វាយ​បក​សាហាវ​បំផុត​មួយ​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​លីគ​អឺរ៉ុប​ហើយ ​ដែល​មាន​គ្នា​ត្រឹម​១០​នាក់​សោះ តែ​អាច​បង្កើត​ឱកាស​និង​រក​គ្រាប់​បាល់​បាន​ទទួល​ជ័យ​ជម្នះ​ថែម​ទៀត៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT