Ozil ​ប្រេ​ជើង​គ្រោង​ចាកចេញ​ហើយ​ស្រេច ក្រោយ​បើក​ការ​ចរចា​សម្ងាត់​ជាមួយ​ក្លឹប​នៅ​ទួរគី

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ក្លឹប​កាំភ្លើង​ធំ Arsenal គឺ Mesut Ozil ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ចរចា​បែប​សម្ងាត់​មួយ ជាមួយ​ភាគី​ខាង​ក្លឹប Fenerbahce របស់​ប្រទេស​ទួរគី អំពី​លទ្ធភាព​នៃ​ការ​ចាកចេញ​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២១ ខាង​មុខ។

បញ្ជាក់​ថា Ozil ​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន​ឲ្យ​កាំភ្លើង​ធំ​តាំង​ពី​ខែ​មិនា ​ក្រោយ​អ្នកចាត់ការ​លោក Mikel Arteta មិន​ជ្រើសរើស​ឈ្មោះ​របស់​លោក​ឲ្យ​ចូលរួម​ការ​ប្រកួត មិន​ថា​តែ​ពាន​ Europa League ឬ Premier League។

កីឡាករ​វ័យ ៣២ ឆ្នាំ​ហាក់​រក​ដំណោះស្រាយ​ជាមួយ Arsenal មិន​ចេញ​ទាល់​តែ​សោះ ខណៈ​កុងត្រា​ត្រូវ​បញ្ចប់​នៅ​រដូវ​ក្តៅ​ឆ្នាំ​ក្រោយ​ទៅ​ហើយ។ មួយ​ផ្សេង​ទៀត​គេ​ជឿ​ថា​ក្លឹប​ក៏​មិន​ចង់​ទុក​ជើង Ozil ដែរ ព្រោះ​ត្រូវ​ចំណាយ​ប្រាក់​ពលកម្ម​ក្រាស់ក្រែល។

បែប​នេះ​ការ​ចាកចេញ​អាច​ជា​ជម្រើស​ល្អ​សម្រាប់​ភាគី​ទាំង​សង​ខាង ហើយ​ការ​ផ្ទេរ​ទៅ​ក្លឹប Fenerbahce គឺ​មាន​ភាគរយ​ខ្ពស់​ជាង​បណ្តា​ក្លឹប​ណា​ទាំង​អស់។ នៅ​ខែ​មករា​ខាង​មុខ មាន​ដំណឹង​ថា Ozil ទំនង​ជា​ចុះ​ហត្ថលេខា​លក្ខណៈ Pre-Contract បណ្តើរៗ​ហើយ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT