ជើង​ចាស់ Casillas ឆ្លើយតប​បែប​ណា ពេល​គេ​សួរ​ចង់​ទៅ​ត្រលប់​ទៅ​ជួយ R.Madrid ឬ​អត់?

អតីត​អ្នកចាំទី​នៅ​ក្លឹប Real Madrid គឺ​លោក Iker Casillas បាន​បើក​ភ្លើងខៀវ​ជុំវិញ​ការ​សម្រេច​ចិត្ត​វិល​ត្រលប់​ទៅ​ក្លឹប​ចាស់​របស់​ខ្លួន​នៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​មិន​បញ្ជាក់​ច្បាស់​ថា​ជា​តំណែង​អ្វី​នោះ​ទេ។

បញ្ជាក់​ថា Casillas ជា​អតីត​កីឡាករ​របស់ Real Madrid ដែល​ចាយ​ពេល​ជាង ២ ទសវត្ស​នៅ​ទី​នោះ ហើយ​លោក​បាន​បង្កើត​កំណត់ត្រា​ជា​ច្រើន មុន​ចាកចេញ​ទៅ​ក្លឹប FC Porto និង​ប្រកាស​ចូល​និវត្ត ដោយសារ​ជំងឺ​បេះដូង។

ប្រាប់​នៅ​កម្មវិធី​របស់ Europa Press បុរស​សញ្ជាតិ​អេស្ប៉ាញ​និយាយ៖ “ការ​ពិត​ទៅ​វា​ពិត​ជា​រឿង​ដ៏​ល្អ ដោយ​ខ្ញុំ​បាន​សាង​ប្រវត្តិសាស្រ្ត​នៅ Real Madrid យូរ​ណាស់​មក​ហើយ ដោយ​រយៈ​ពេល ២៥ ឆ្នាំ​ឯណោះ អ៊ីចឹង​ខ្ញុំ​ច្បាស់​ថា​មាន​អារម្មណ៍​ល្អ​ជាមួយ​ក្លឹប”។

លោក​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​មិន​បដិសេធ​ឱកាស​នៃ​ការ​វិល​ត្រលប់​នោះ​ទេ ជា​ពិសេស​គឺ​ការ​រស់នៅ​ក្នុង​ទីក្រុង Madrid ដោយ​វា​ជា​ពេលវេលា​ដែល​ខ្ញុំ​រីករាយ​ជាមួយ​ខ្លាំង​បំផុត ហើយ​ខ្ញុំ​នឹង​វិល​ត្រលប់​ទៅ​បម្រើ​ការ​នៅ​ផ្នែក​ណា​មួយ​ដែល​ទាក់ទិន​នឹង​បាល់ទាត់ ក្នុង​ពេល​ដ៏​ខ្លី​ឬ​នៅ​ពេល​ខាង​មុខ​ណា​មួយ”៕

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT