លោក ហៅ សុជាតិបង្ហាញភាពរីករាយ​ក្នុង​ការ​តំឡើងយុវជនកូនកាត់ខ្មែរ-ណូវ៉ែលហ្សេឡង់​លឹម អារុណ រ៉េយមិនមក​កាន់​ឈុតធំ

លោក ហៅ សុជាតិ ក្នុងតួនាទីជានាយកបណ្តុះបណ្តាលយុវជនរបស់ក្លិបបឹងកេត បានបង្ហាញអារម្មណ៍រីករាយក្នុងការនាំយក កីឡាករកូនកាត់ ខ្មែរ-នូវែលសេឡង់ មកកាន់ក្រុមធំ គឺ លឹម អារុណ រ៉េយមិន ។

“ ការដែលយើងនាំយកគាត់មកឈុតធំនេះ ដោយសារយើងបានមើលឃើញពីគុណភាពរបស់គាត់ ក្នុងការហ្វឹកហាត់ និងការប្រកួត។ សមត្ថភាពរបស់គាត់ អាចជួយ និងបំពេញចន្លោះខ្វះខាតរបស់ក្រុមមួយចំនួនបាន ហើយអ្វីដែលកាន់តែពិសេសនោះ គឺនេះក៏ជាចក្ខុវិស័យមួយរបស់ក្លិបផងដែរ ដែលតែងតែលើកទឹកចិត្ត និងអភិវឌ្ឍយុវជនឱ្យមានគុណភាព និងការប្រកួតប្រជែងកាន់តែខ្លាំង ដើម្បីមានឱកាសបង្ហាញខ្លួនលើឆាកអន្តរជាតិ ” ។

លោក ហៅ សុជាតិ ក៏បានរំលឹកថា មានកីឡាករយុវជនកន្លងមកដែលត្រូវបានតម្លើងមកកាន់ក្រុមធំ ដែលមានដូចជា៖ កីឡាករ ស្រ៊ី ពិសិដ្ឋ, ហ៊ត ឈិនជិន និង ជឿន ពិសាខបូរមី ហើយនិងមានជាបន្តបន្ទាប់ទៀត។

លឹម អារុណ រ៉េយមិន មានវ័យ ១៧ឆ្នាំ កម្ពស់ ១,៨០ម៉ែត្រ លេងក្នុងតួនាទីជាខ្សែបម្រើ ( បម្រើការពារ និងបម្រើប្រយុទ្ធ) ។ អារុណ ស្ថិតក្នុងក្រុមយុវជនក្លិបបឹងកេត ក្នុងឆ្នាំកន្លងមក ប៉ុន្តែពុំសូវមានឱកាសបង្ហាញខ្លួននោះទេ ដោយសារតែរូបគេជាប់សិក្សានៅប្រទេសកំណើត ដែលនៅទីនោះ រូបគេបានលេងបាល់ទាត់ឱ្យក្លិប Melville united ក្នុងតំបន់ផងដែរ។

អារុណ ធ្លាប់ជាប់ក្នុងក្រុមយុវជនជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ ទៅចូលរួមព្រឹត្តិការណ៍បាល់ទាត់នៅប្រទេសជប៉ុន កាលពីដើមឆ្នាំ ២០២០នេះផងដែរ រួមជាមួយមិត្តរួមក្រុម លី ម៉ាឯល ដែលលេងឱ្យបឹងកេត យុវជនអាយុក្រោម ១៨ឆ្នាំ ៕

 

បឹង​កេតអេហ្វស៊ី

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT