លោក បែ មករា៖ ក្លិប​កំពុងស្វែងរកកីឡាករបរទេសល្អៗ​ត្រៀម​ជួយក្រុម​ក្នុង​ AFC Cup 2021

ដើម្បីបានត្រៀមការប្រកួតវគ្គចែកពូលពានរង្វាន់លំដាប់ទី២ ទ្វីបអាស៊ី AFC Cup 2021 ក្លឹបកីឡាបាល់ទាត់បឹងកេតមានផែនការត្រៀមមួយចំនួន ដោយក្លឹបត្រូវរៀបចំក្រុមឱ្យបានល្អ ប្រសើរជាងមុន។

អ្នកចាត់ការទូទៅក្លឹបជើងឯកលីគកំពូលរដូវកាល ២០២០ បានបង្ហាញនូវកង្វល់ ពាក់ព័ន្ធនឹងការស្វែងរកកីឡាកបរទេសល្អៗឱ្យចូលក្នុងក្រុម ដែលមិនមានភាពងាយ ស្រួលនោះឡើយ ព្រោះក្លឹបត្រូវការពេលវេលា ហើយទាក់ទងនឹងការធ្វើដំណើររបស់ពួកគាត់ ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩។ សម្រាប់ការត្រៀមនេះ ក្លឹបបឹងកេតប្រើប្រាស់កីឡាករ បរទេសចាស់ៗក្នុងក្លឹបផ្ទាល់ និងកំពុងសម្លឹងមើលកីឡាករបរទេសថ្មីៗបន្ថែម ដើម្បីបំពេញក្នុង ដំណែងដែលខ្វះខាត។ ចំពោះការប្រកួត AFC Cup គ្រោងនឹងធ្វើឡើងនាអំឡុងខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែកាលបរិច្ឆេទនៃការចាប់ឆ្នោតចែកពូលនោះ គឺមិនទាន់ទទួលបានពីសហព័ន្ធ បាល់ទាត់អាស៊ីនៅឡើយទេ។

រដូវកាល ២០២០ គឺជារដូវកាលដ៏លំបាក ប៉ុន្តែលោកមានក្តីរីករាយ ដែលគ្រប់ផ្នែកទាំងអស់បានខិតខំយ៉ាងខ្លាំងក្លា ក្នុងកាលៈទេសៈលំបាកមួយនេះ ដើម្បីប្តូរយកនូវសមិទ្ធផលទាំងនេះមក។ ក្នុងនាមតំណាងក្លឹបជើងឯក លោកបង្ហាញនូវសេចក្តី ត្រេកអរចំពោះការគាំទ្ររបស់ទស្សនិកជនទាំងអស់ ដែលផ្តល់កម្លាំងចិត្តតាមរយៈការទស្សនា នៅកីឡដ្ឋានផ្ទាល់ និងការទស្សនាការប្រកួតតាមប្រព័ន្ធអនឡាញ ពេលប្រកួតបិទទ្វារ កីឡដ្ឋាន ដែលធ្វើឱ្យកីឡាករមានទឹកចិត្តទ្វេរដង សម្រាប់ខិតខំការហ្វឹកហាត់ និងការប្រកួតរហូតដល់ឈ្នះជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២០ ជាថ្មីម្តងទៀត។

AFC Cup គឺជាពានរង្វាន់ក្លឹបលំដាប់ទី២ ប្រចាំទ្វីបអាស៊ី បន្ទាប់ពីពានធំ AFC Champion League ហើយបច្ចុប្បន្ន កម្ពុជាមាន ១កៅអីកន្លះ សម្រាប់ AFC Cup រដូវកាល២០២១ខាងមុខនេះ ដោយក្រុមជើងឯកលីគកំពូលកម្ពុជា ដែលគ្រប់គ្រង ដោយក្លឹបបឹងកេតត្រូវទៅលេងនៅវគ្គចែកពូលតែម្តង ខណៈកន្លះកៅអីទៀត បានទៅលើ ក្រុមជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលគ្រប់គ្រងដោយក្រុមជើងឯកវិសាខា ដែលត្រូវប្រកួតជម្រុះបឋម ឬប្រកួត Play Off ជាមុនសិន ដើម្បីកក់កៅអីមួយឡើងទៅ វគ្គចែកពូល៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT