សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសតែងតាំង Keisuke Honda ឱ្យក្លាយជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិចាប់ពីពេលនេះតទៅ ដោយមានកុងត្រារយៈពេល២ឆ្នាំ។
ក្នុងនោះដែរ Honda មកដឹកនាំកម្ពុជានេះ រូបគេក៏ត្រូវលេងឱ្យក្លឹបអាជីព Melbourne Victory របស់អូស្ត្រាលីផងដែរ។ ក្នុងនាមជាកីឡាករមិនទាន់ចូលនិវត្តន៍ និងមិនទាន់មានសញ្ញាប័ត្រនោះ រូបគេមិនអាចដឹកនាំក្រុមកម្ពុជា ក្នុងនាមជាគ្រូបង្វឹកបានឡើយ ដូច្នេះតើនរណាជាគ្រូបង្វឹករបស់ក្រុមកម្ពុជាពិតប្រាកដ ក្រោមការណែនាំរបស់ Honda ។
ប្រិយមិត្តដែលបានឃើញការធ្វើសន្នីសីទកាសែតនោះ ប្រហែលជាបានឃើញបុរសម្នាក់អង្គុយជិត Honda នោះហើយ។ បុរសម្នាក់នោះមានឈ្មោះថា Felix Agustin Gonzalez Dalmas ដែលត្រូវបានគេស្គាល់ថាជាដៃស្ដាំរបស់ Honda ។ រូបគេនឹងទទួលភារកិច្ចបង្វឹកក្រុមជម្រើសជាតិកម្ពុជា ជំនួស Honda ដែលត្រូវលេងឱ្យក្លឹបនៅអូស្ត្រាលី។ មួយវិញទៀត នៅពេលប្រមូលផ្ដុំ Honda បានបញ្ជាក់យ៉ាងច្បាស់ទៀតថា រូបគេនឹងជួបនិយាយជាមួយកីឡាករកម្ពុជាផ្ទាល់តាម Live VDO ប្រសិនបើមិនបានមកផ្ទាល់ទេនោះ។
Honda បានបន្ថែមថា រូបគេមកដឹកនាំកម្ពុជា មានគោលដៅធំ២ គឺ ចង់បង្កើតស្ទីលលេងរបស់កម្ពុជាមួយឲ្យបានល្អនិងចង់ផ្សព្វផ្សាយនូវអ្វីដែលល្អៗរបស់កម្ពុជា ទៅកាន់ពិភពលោក៕ប្រភព៖ The-afc