២១រាជធានី-ខេត្តចូលរួមប្រជែងថ្នាក់ខេត្តពានសម្តេច ហ៊ុន សែន រដូវកាល ២០២១

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC)នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា សម្រាប់ការប្រកួតប្រជែងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាល ២០២១ មានរាជធានី-ខេត្តចំនួន២១ ដែលបានដាក់ឈ្មោះចូលរួមប្រកួត ដែលក្រុមទាំងនេះនឹងត្រូវចូលរួមប្រកួតប្រជែងពានថ្នាក់ខេត្ត។

បើទោះបីជារាជធានីខេត្តចំនួន២១នេះបានចុះឈ្មោះរួចហើយក៏ដោយ ប៉ុន្តែគណៈកម្មការបច្ចេកទេសនៃ CNCC នឹងចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត ក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតរបស់ក្រុមដែលបានចុះឈ្មោះចូលរួមប្រកួត ហើយក្រុមដែលបំពេញលក្ខខណ្ឌគ្រប់គ្រាន់អាចមាសិទ្ធិចូលរួមប្រកួតបាន។ ក្នុងករណីបើពិនិត្យឃើញថា ទីលានមិនមានលក្ខណៈគ្រប់គ្រាន់និងត្រឹមត្រូវតាមលក្ខខណ្ឌបច្ចេកទេសនោះទេ គណៈកម្មការនឹងពិចារណា ក្នុងការសម្រេចមិនអនុញ្ញាតឱ្យចូលរួមប្រកួត សម្រាប់រដូវកាល ២០២១ ខាងមុខនោះឡើយ។ ចំពោះពេលវេលានៃការចុះត្រួតពិនិត្យ CNCC នឹងជូនដំណឹងនៅពេលបន្ទាប់។

CNCC គឺជាគណៈកម្មការគ្រប់គ្រងលើការប្រកួតបាល់ទាត់ទាំងពីរក្របខ័ណ្ឌ គឺការប្រកួតលីគកំពូលកម្ពុជា និងការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ចំពោះការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០ កន្លងទៅប៉ុន្មានរដូវកាលចុងក្រោយនេះត្រូវបានចែកចេញជាពីរថ្នាក់ គឺការប្រកួតថ្នាក់ជាតិខេត្ត និងថ្នាក់ជាតិ ដោយការប្រកួតថ្នាក់ខេត្ត២០២០ មានក្រុមរាជធានី-ខេត្តចំនួន១៧ចូលរួម ហើយក៏មានក្រុមមួយចំនួនក៏មិនត្រូវអនុញ្ញាតឱ្យចូលរួមប្រកួតឡើយដោយសារទីលានមិនមានលក្ខណៈបច្ចេកទសគ្រប់គ្រាន់។

៤ក្រុមជ័យលាភីថ្នាក់ខេត្ត ២០២០ បានឡើងមកប្រកួតប្រជែងនៅវគ្គ១៦ក្រុមថ្នាក់ជាតិជាមួយក្រុមចំនួន១២នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ហើយបានបញ្ចប់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រថ្នាក់ជាតិ កាលពីថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២០ ដោយក្រុមវិសាខាគ្រងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ខណៈលេខ២ ណាហ្គាវើល, លេខ៣ ក្រុមខេត្តព្រៃវែង និងលេខ៤ ភ្នំពេញ ក្រោន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT