តើ Keisuke Honda ជានរណា ?

នាព្រឹកថ្ងៃអាទិត្យ ទី ១២ ខែ សីហា ឆ្នាំ ២០១៨នេះ ផ្ទុះការភ្ញាក់ផ្អើលខ្លាំងក្នុងប្រទេសកម្ពុជា នៅក្នុងសន្និសីតសារព័ត៌មានដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការតែងតាំង កីឡាករជម្រើសជាតិជប៉ុន Keisuke Honda ជាអ្នកគ្រប់គ្រងថ្មីរបស់ក្រុមជម្រើសជាតិ ។

គិតសម្រាប់រយៈពេលត្រឹម​តែ ១សប្តាហ៍ប៉ុណ្ណោះដែល Honda ទើបតែត្រូវបានប្រកាសជាផ្លូវការលេងឲ្យក្លិប Melbourne Victory FC កាលពីថ្ងៃទី ៦ ខែ សីហា កន្លងទៅនេះ។

តើ Keisuke Honda ជានរណា ?

ប្រឡូកក្នុងពិភពបាល់ទាត់ដំបូងបំផុត Honda លេងឲ្យក្លិប Nagoya Grampus លីគកំពូលជប៉ុន ពីឆ្នាំ ២០០៤ ដល់ ២០០៧ ហើយក្រោយមកផ្លាស់ទៅលេងឲ្យក្លិប VVV-Venlo នៅក្របខ័ណ្ឌបាល់ទាត់ហូឡង់ ។ នៅឆ្នាំ ២០១០ Honda ក៏បានរសាត់អណ្តែតទៅដល់ប្រទេសរុស្ស៊ី ពោលគឺលេងឲ្យក្លិប CSKA Moscow បាន ៤រដូវកាល ដោយក្នុងនោះជួយក្លិបឈ្នះជើងឯកលីគម្តង Cup ម្តង និង Super Cup ម្តងផងដែរ ។

កេរិ៍តឈ្មោះរបស់ Honda ចាប់ផ្តើមល្បីខ្លាំង និងត្រូវបានស្គាល់ពេញពិភពលោក បន្ទាប់ពីគេបានផ្ទេរទៅលេងឲ្យក្លិបយក្សអ៉ីតាលី AC Milan នៅឆ្នាំ ២០១៣ ។ យ៉ាងណាមិញ ចំណាយពេល ៣រដូវកាលនៅប្រទេសអ៉ីតាលី Honda រកគ្រាប់បាល់បានតែ ៩គ្រាប់ប៉ុណ្ណោះ ពីការបង្ហាញខ្លួនបាន ៨១លើក ។

សម្រាប់នៅក្រុមជម្រើសជាតិជប៉ុន ដែលបង្ហាញខ្លួនចំនួន ៩៨ដង Honda រកគ្រាប់បាល់បាន ៣៧គ្រាប់ និងត្រូវបានជាប់ឈ្មោះជាកីឡាជប៉ុនតែមួយរូបគត់ ដែលស៊ុតចូលទីក្នុងពានរង្វាន់ World Cup ឆ្នាំខុសៗគ្នា ( ២០១០, ២០១៤, ២០១៨ ) ។

គួររំលឹកផងដែរថា នេះមិនមែនជាលើកដំបូងនោះទេសម្រាប់ការងាររបស់ កីឡាករវ័យ ៣២ឆ្នាំរូបនេះ ក្នុងប្រទេសកម្ពុជា ដែលកាលពីឆ្នាំ ២០១៦កន្លងទៅ គាត់បានបើកសាលាបាល់ទាត់នៅក្នុងរាជធានីភ្នំពេញ និងជាម្ចាស់ក្លិប សូលទីឡូអង្គរ ដែលជាសមាជិកលីគកំពូលកម្ពុជាថែមទៀតផង ។

យ៉ាងណាក្តី គេនៅពុំទាន់ដឹងច្បាស់ថាតើគាត់នឹងបែងចែកពេលវេលាការងារបែបណានោះទេ ខណៈពេលដែលថ្មីៗនេះទើបតែចុះកុងត្រាជាកីឡាករក្លិប Melbourne Victory ក្នុងប្រទេសអូស្រ្តាលី ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT