នាព្រឹកថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០១៨ នេះ មានដំណឹងដ៏ភ្ញាក់ផ្អើលមួយពីប្រទេសថៃ ជុំវិញរឿងរ៉ាវបាល់ទាត់ ដែលឃើញថា ក្លិប Buriram United នៅលីគកំពូលថៃ បានបង្ហោះជាផ្លូវការនូវការបង្ហាញមុខកីឡាករចំណូលថ្មីរបស់ខ្លួន ដែលមានសញ្ជាតិកម្ពុជា គឺកីឡាករ ច្រឹង ពលរដ្ឋ ។
តាមការបញ្ជាក់របស់ក្លិប ការចុះកិច្ចសន្យាជាមួយនឹងកីឡាករកម្ពុជារូបនេះ គឺសម្រាប់ការប្រកួតលីគរដូវកាលក្រោយ ២០១៩ ដែលបំពេញទៅតួនាទីកីឡាករអាស៊ាន ( ASEAN Quota ) ។
គួរបញ្ជាក់ថា ប៉ុន្មានរយៈចុងក្រោយនេះ មានព័ត៌មានជាច្រើនបានវាយប្រហារទៅលើកីឡាករវ័យ ២១ឆ្នាំរូបនេះ បន្ទាប់ពីរូបគេរងរបួសរយៈពេលវែង និងអវត្តមានជាមួយក្លិបក្រសួងការពារជាតិ ដោយពុំមានដំណឹង។
កីឡាករជម្រើសជាតិកម្ពុជារូបនេះ ក៏ធ្លាប់ត្រូវបានគេទម្លាយថាមានការទាក់ទងជាមួយនឹងក្លិបនៅឯប្រទេសអេស្ប៉ាញ ពោលគឺលីគលំដាប់ក្រោម តែគ្រប់យ៉ាងមិនអាចឈានដល់ការព្រមព្រៀង។
ការបង្ហាញខ្លួនរបស់ ច្រឹង ពលរដ្ឋ នៅលីគកំពូលថៃ គឺនឹងក្លាយជាប្រវត្តិសាស្រ្តកីឡាករកម្ពុជាដំបូងគេបង្អស់ ដែលតំណាងប្រទេស លេងក្នុងលីគលំដាប់ខ្ពស់របស់ថៃ ៕