គ្រូបង្គោល U15 បឹង​កេត​បង្ហាញមតិជុំវិញការចូលរួមពានរង្វាន់ FFC U15​លើកដំបូង

លោក គង់ ចន្ថា គ្រូបង្គោលនៃក្រុមយុវជនបឹងកេត អាយុក្រោម ១៥ឆ្នាំ បានសម្តែងអារម្មណ៍រំភើប ក្រោយពីទទួលបានឱកាសដឹកនាំក្រុម ចូលរួមប្រកួតក្នុងពានរង្វាន់បាល់ទាត់យុវជន ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រចាំរដូវកាល ២០២០-២០២១នេះ។

ថ្លែងប្រាប់ក្រុមការងារព័ត៌មានរបស់គេហទំព័រក្លិប boeungketfc.com គ្រូបង្វឹកកាន់អជ្ញាបណ្ឌ C របស់ AFC រូបនេះនិយាយថា៖ “ ជាដំបូងខ្ញុំមានអារម្មណ៍ថា សប្បាយរីករាយ ដែលក្លិបបានផ្តល់ឱកាសឱ្យមកដឹកនាំក្រុមបឹងកេត U15 ដែលទើបនឹងបង្កើតឡើងក្នុងឆ្នាំនេះ ” ។

លោកបន្តថា៖ “ ទោះបីពួកយើងទើបបង្កើតថ្មីពិតមែន ប៉ុន្តែយើងបានត្រៀមលក្ខណៈរួចរាល់ហើយ ព្រោះក្នុងការប្រមូលផ្តុំហ្វឹកហាត់កន្លងមក កីឡាកររបស់យើងទាំងអស់បានបង្ហាញឆន្ទៈចង់ប្រកួត និងខិតខំប្រឹងហ្វឹកហាត់ ” ។

អតីតគ្រូជំនួយរបស់ក្រុមយុវជនអាយុក្រោម ១៨ឆ្នាំ បង្ហាញអំពីមហិច្ឆតារបស់ខ្លួនក្នុងឆ្នាំដំបូងដែលដឹកនាំក្រុមយុវជនអាយុក្រោម ១៥ឆ្នាំបឹងកេតថា៖ “ ចំពោះគោលដៅក្នុងពានរង្វាន់យុវជននេះ ខ្ញុំចង់ធ្វើឱ្យបានលទ្ធផលល្អ បើសិនជាអាចគឺឱ្យដល់វគ្គផ្តាច់ព្រ័ត្រ ឬលេខ១ កាន់តែល្អ ប៉ុន្តែយើងក៏មិនរំពឹងខ្ពស់ពេកនោះដែរ តែយើងនឹងខំឱ្យអស់ពីលទ្ធភាព ” ។

មិនត្រឹមតែប៉ុណ្ណោះ លោកគ្រូ ចន្ថា ចង់ឃើញយុវជនរបស់ខ្លួន មានឱកាសបង្ហាញសមត្ថភាព មានការអភិវឌ្ឍ ព្រោះថាសម្រាប់ថ្នាលយុវជន រឿងដែលសំខាន់ជាងលទ្ធផលនោះគឺការអភិវឌ្ឍ ។

សូមបញ្ជាក់ថា យុវជនបឹងកេត ស្ថិតនៅក្នុងពូល ក ជាមួយយុវជនសាលាតម្រង់ទិសខេត្តកំពង់ឆ្នាំង, យុវជនកងយោធពលខេមរភូមិន្ទ, យុវជនភ្នំពេញក្រោន និងយុវជន ព្រះខ័នរាជស្វាយរៀង ។

“ ខ្ញុំយល់ថាពូលរបស់យើងគឺសុទ្ធតែក្រុមខ្លាំង និងមួយវិញទៀត យុវជនរបស់ពួកគេសុទ្ធតែមានបទពិសោធន៍ច្រើនជាងយើងដែលទើបបង្កើតថ្មី តួរយ៉ាងដូចយុវជនភ្នំពេញក្រោន និងក្រុមផ្សេងៗទៀត អញ្ចឹងគឺវាមិនងាយស្រួលនោះទេសម្រាប់យើងក្នុងការរកពិន្ទុក្នុងពូល ប៉ុន្តែពួកយើងនឹងខំប្រឹងយកជ័យជម្នះឱ្យបាន ” លោក គង់ ចន្ធា បានលើកឡើង ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT