មិន​ធម្មតា​! ​Juventus ​មក​បើក​សាលា​បាល់ទាត់​មួយ​នៅ​ប្រទេស​វៀតណាម

ក្លឹប Juventus ​បាន​សម្រេច​ចិត្ត​បើក​សាលា​បង្ហាត់​បាល់ទាត់​ក្មេង​ៗ​នៅ​ប្រទេស​វៀតណាម ​ក្នុង​ភាគ​ខាង​ត្បូង​ក្រុង Ba Ria ខេត្ត Vung Tau។

បើ​តាម​កាសែត​វៀតណាម​បាន​បញ្ជាក់​ទៀត​ថា ​លោក Gianluca Settanni ​គ្រូ​បង្វឹក​ក្រុម​ថ្នាល​យុវជន​របស់​ក្លឹប Juventus ​នឹង​មក​ប្រទេស​វៀតណាម​ផ្ទាល់ ​ដើម្បី​ជ្រើសរើស​កីឡាករ​សម្រាប់​ចូល​រួម​ក្នុង​សាលា​ហ្វឹកហាត់​មួយ​នេះ។ មួយ​វិញ​ទៀត ​លោក​នឹង​ប្រាប់​បច្ចេកទេស​មួយ​ចំនួន​ដល់​គ្រូ​​បង្វឹក​នៅ​វៀតណាម​ផ្ទាល់​ដើម្បី​ធ្វើ​ការងារ​បង្ហាត់​បង្រៀន​ក្មេង​ៗ​នៅ​ទី​នេះ។ លើស​ពី​នេះ​ទៅ​ទៀត ​លោក Gianluca Settanni ​ក៏​អាច​នឹង​ជួប​ជាមួយ​គ្រូ​បង្វឹក​គ្រប់​កម្រិត​របស់​ជម្រើស​ជាតិ​វៀតណាម​ផង​ដែរ ​ដើម្បី​ដង​ស្រង់​និង​ចែក​រំលែក​បទ​ពិសោធ​គ្នា ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​នៅ​វៀតណាម។

 

ការ​ជ្រើសរើស​នេះ​ទៀត​សោត ​គឺ​កីឡាករ​កើត​ចន្លោះ​ឆ្នាំ ២០០៦​ដល់​២០០៩ ​នឹង​មាន​ឱកាស​ចូល​រួម​ក្នុង​សាលា​ថ្នាល​យុវជន​របស់ Juventus ​នេះ ​ហើយ​ប្រសិន​បើ​ពួកគេ​បាន​ជាប់​ឈ្មោះ​ហើយ នឹង​ត្រូវ​ហ្វឹកហាត់​ក្នុង​សាលា​រយៈ​ពេល​៧​ឆ្នាំ។ ចំពោះ​ការ​ជ្រើសរើស ​នឹង​ធ្វើ​ឡើង​ទូទាំង​ប្រទេស​វៀតណាម​តែ​ម្ដង ប៉ុន្តែ​មិន​ទាន់​បញ្ជាក់​ថា​រើស​ប៉ុន្មាន​នាក់​នៅ​ឡើយ​ទេ។

នេះ​ជា​សាលា​ដំបូង​ហើយ​ដែល ​ក្លឹប Juventus ​បាន​បង្កើត​សាលា​ថ្នាល​នេះ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ហើយ​ក៏​សម្រេច​ចិត្ត​យក​ប្រទេស​វៀតណាម​តែ​ម្ដង៕ប្រភព៖ English.vietnamnet

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT