​ថ្ងៃ​មុន Ronaldo ​ថ្ងៃ​នេះ Ronaldinho តេស្ត​ឃើញ​វិជ្ជមាន COVID-19 មួយ​ទៀត​ហើយ

អតីត​កីឡាករ​ចូល​និវត្ត​ Ronaldinho បាន​បញ្ជាក់​កាល​ពី​ពេល​ថ្មីៗ​នេះ ថា​ខ្លួន​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​មាន​ផ្ទុក​ជំងឺ COVID-19 ​ហើយ​បច្ចុប្បន្ន​លោក​កំពុង​រស់នៅ​ដាច់​ដោយ​ឡែក​ក្នុង​ទីក្រុង Belo Horizonte នៅ​ប្រទេស​ប្រេស៊ីល។

ប្រាប់​កាល​ពី​ថ្ងៃ​អាទិត្យ អតីត​ខ្សែ​ប្រយុទ្ធ Barca និង​ជម្រើស​ជាតិ​ប្រេស៊ីល​និយាយ៖ “ខ្ញុំ​មក​ដល់​ទី​នេះ [ទីក្រុង Belo Horizonte] ​តាំង​ពី​ថ្ងៃ​ម្សិលមិញ ហើយ​ក្រោយ​ការ​ធ្វើ​តេស្ត​ខ្ញុំ​ឃើញ​លទ្ធផល​វិជ្ជមាន តែ​ខ្ញុំ​មិនមាន​រោគ​សញ្ញា​អ្វី​អាក្រក់​នោះ​ទេ អ៊ីចឹង​ហើយ​កម្មវិធី​មួយ​ដែល​ខ្ញុំ​ត្រូវ​ចូលរួម ក៏​ត្រូវ​លើក​ទៅ​ពេល​ក្រោយ”។

គួរ​បញ្ជាក់​ថា Ronaldinho កន្លង​ទៅ​ក៏​ទើប​តែ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈ​ពេល ៣២ ​ថ្ងៃ​រួច​ហើយ​ដែរ ក្នុង​ប្រទេស​ប៉ារ៉ាហ្គាយ ក្រោយ​ជាប់ចោទ​ពី​​បទ​ក្លែងបន្លំ​លិខិត​ឆ្លងដែន​ក្លែងក្លាយ។

Ronaldinho បាន​បញ្ចប់​អាជីព​បាល់ទាត់​របស់​ខ្លួន​នៅ​ឆ្នាំ ២០១៥ ជាមួយ​ក្លឹប Fluminense ចុងក្រោយ​គេ​បង្អស់ ​ក្រោយ​ពី​បាន​ហែលកាត់​ក្លឹប​ធំៗ​នៅ​អឺរ៉ុប​មាន​តាំង​ពី PSG, Barca និង AC Milan ជា​ដើម៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT