ក្រោន ណាហ្គា ព្រៃវែង និង​វិសាខា​ជា​បេក្ខភាព​វគ្គ៤ក្រុមចុង​ក្រោយ​ពាន Hun Sen Cup 2020

ភ្នំពេញក្រោន, ណាហ្គាវើលដ៍, ព្រៃវែង និងវិសាខា បានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០២០ ក្រោយទទួលបានជ័យជម្នះលើគូប្រកួតរៀងៗខ្លួននៅវគ្គ៨ក្រុមចុងក្រោយ។

ក្រុមជើងឯកពីរសម័យភ្នំពេញក្រោនបានទម្លាក់គិរីវង់សុខសែនជ័យដោយបាល់សរុប៤ទល់នឹង២ នៅថ្ងៃពុធ ទី០៧ ខែតុលា ពោលឈ្នះ២ទល់នឹង១ទាំងនៅ Smart RSN និងកីឡដ្ឋានគិរីវង់ ខេត្តតាកែវ។មួយគូទៀតនៅថ្ងៃពុធដដែល ណាហ្គាវើលដ៍បានយកឈ្នះព្រះខ័នរាជស្វាយរៀងនៅខេត្តស្វាយរៀង១ទល់នឹង២ ជើងទីពីរ ធ្វើឲ្យលទ្ធផលសរុប គឺក្រុមលោក មាស ចាន់ណា ឈ្នះ៣ទល់នឹង២លើក្រុមលោក Conor Nestor។ កាលជើងទីមួយនៅកីឡដ្ឋានខេមរភូមិន្ទ ក្រុមទាំងពីរស្មើគ្នា១ទល់នឹង១។

សម្រាប់លទ្ធផលនៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ខេត្តព្រៃវែងបានវាយបកតាមស្មើកងយោធពលខេមរភូមិន្ទ ដោយបាល់សរុប៤ទល់នឹង៤ ពោលជើងទីពីរលើដីខ្លួនឯងបានយកឈ្នះ៤ទល់នឹង៣ ក្រោយចាញ់នៅស្តាតចាស់១ទល់នឹង០។ ក្នុងការកាត់សេចក្ដី១១ម៉ែត្រ ព្រៃវែងឈ្នះ៥ទល់នឹង៤លើកងយោធពលខេមរភូមិន្ទ។ គូចុងក្រោយនៅថ្ងៃព្រហស្បតិ៍ មានការទាត់បញ្ចូលទីគ្នាទៅវិញទៅមកយ៉ាងច្រើន ដោយវិសាខាស្មើគ្នា៣ទល់នឹង៣ ជាមួយក្រុមការពារជើងឯកបឹងកេត ធ្វើឲ្យលទ្ធផលសរុបទាំងពីរជើង គឺក្រុមទាំងពីរស្មើគ្នា៤ទល់នឹង៤។ ជាលទ្ធផល គឺវិសាខាបានយកឈ្នះបឹងកេតដោយលទ្ធផលកាត់សេចក្ដី៤ទល់នឹង៣។

ចំពោះកាលបរិច្ឆេទប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គឺភ្នំពេញក្រោនត្រូវជួបណហា្គវើលដ៍ នៅថ្ងៃទី២១ ខែតុលា និងវិសាខាប៉ះខេត្តព្រៃវែងនៅថ្ងៃទី២២ ខែតុលា។
ការប្រកួតទាំងពីរប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិដូចគ្នា៕

 

ប្រភព៖ CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT