ពានរង្វាន់ Hun Sen Cup 2020 ជើង​ទី​២ វគ្គ​១/៤ ផ្តាច់ព្រ័ត្រចាប់ផ្ដើមស្អែកហើយ

ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០ វគ្គ១/៤ផ្តាច់ព្រ័ត្រ នឹងត្រូវដំណើរការបន្តទៀត នៅជើងទី២ នាថ្ងៃទី០៧ និងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ បន្ទាប់ពីសម្រាកជាច្រើនសប្តាហ៍កន្លងមក។

វគ្គ៨ក្រុមចុងក្រោយនេះ គឺជាការជួបគ្នាជើងទី២ ដើម្បីស្វែងរកក្រុមខ្លាំងៗចំនួន៤ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែល៤ប្រកួតនេះគឺជាការជួបគ្នារវាងក្រុមគិរីវង់សុខសែនជ័យប៉ះភ្នំពេញក្រោន ខណៈក្រុមរងជើងឯកឆ្នាំចាស់ ព្រះខ័នរាជស្វាយរៀងប៉ះណាហ្គាវើ។ រីឯក្រុមជើងឯកថ្នាក់ខេត្តប៉ះកងយោធពលខេមរភូមិន្ទ ស្របពេលដែលវិសាខា ប៉ះជាមួយក្រុមការពារដំណែងជើងឯកឆ្នាំចាស់ បឹងកេត។

កាលពីលទ្ធផលប្រកួតជើងទី១ នាខែមេសា ឆ្នាំ២០២០កន្លងទៅ ៤ប្រកួតនេះ គឺក្រុមកងយោធពលខេមរភូមិន្ទបានយកឈ្នះក្រុមជើងឯកខេត្តព្រៃវែង ១ទល់០, ភ្នំពេញក្រោនបានយកឈ្នះគិរីវង់សុខសែនជ័យ ២ទល់១, ណាហ្គាវើលដ៍ស្មើ ២ទល់២ ជាមួយព្រះខ័នរាជស្វាយរៀង និងក្រុមការពារដំណែងជើងឯក ឆ្នាំ២០១៩ រក្សាលទ្ធផលស្មើគ្នា ១ទល់១ជាមួយក្រុមវិសាខា។

លទ្ធផលនេះជើងទី១នេះបង្ហាញពីការប្រកួតយ៉ាងស្វិតស្វាញបំផុត ដោយ២ប្រកួតឈ្នះត្រឹម១គ្រាប់ និង២ប្រកួតទៀតស្មើគ្នា ហើយត្រូវបង្កើនការប្រកួតកាន់តែខ្លាំងខ្លា នៅជើងទី២ ដើម្បីកាត់សេចក្តីថា តើ៤ក្រុមខ្លំាងណាខ្លះឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT