ប៉ាក់ កែវម៉ូនី ពេញចិត្តជាមួយការបង្ហាញខ្លួនក្នុងការប្រកួតប៉ះក្រុមខ្លាំងៗនៅលីគ

ខ្សែ​ការពារកូន​ខ្មែរ​នៅ​បារាំង កីឡាករ ប៉ាក់ កែវម៉ូនី បានយល់ថាខ្លួនកាន់តែមានទំនុកចិត្ត និងមានភាពវិជ្ជមានលើខ្លួនឯងបន្ថែមទៀតបន្ទាប់​ពី​មានឱកាស​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​នានា​ក្នុង​លីគ​កំពូល​កម្ពុជា​រដូវកាល​២០២០នេះ។

កីឡាករដែលលេងបានពីរតំណែងទាំងខ្សែការពារកណ្តាល និងខ្សែបម្រើកណ្តាលរូបនេះបាននិយាយថា៖ « ខ្ញុំលេងបាន៩០នាទីពេញ២ប្រកួតហើយ ហើយក៏ប្រកួតខ្លះខ្ញុំក៏មានការប្តូរចូលដែរ ។ ខ្ញុំបានលេងជម្រើសដំបូងជាមួយក្រុមវិសាខា ដែលលទ្ធផលនោះគឺ ០-០ ខ្ញុំមានអារម្មណ៍សប្បាយចិត្តក្នុងការប្រកួតជាមួយក្រុមខ្លាំងនៅលីគកំពូល ដែលការប្រកួតពិតជាតានតឹង និងជួបជាមួយកីឡាករដែលមានគុណភាពល្អៗច្រើនសុទ្ធតែជម្រើសជាតិផងដែរ » ។

សូមបញ្ជាក់ថាកីឡាករវ័យ២៧ឆ្នាំរូបនេះបានបង្ហាញខ្លួនជាមួយក្រុមភ្នំពេញក្រោនក្នុងការប្រកួតលីគកំពូលកម្ពុជាចំនួន៤លើក និងពានរង្វាន់សម្តេចហ៊ុន សែន២លើក ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT