គ្រូបង្វឹកបឹងកេត៖ «ច្បាស់ណាស់យើងប្រឹងប្រែងដើម្បីឈ្នះជើងឯកលីគកំពូលឆ្នាំនេះ»

គ្រូបង្គោលក្លឹបកីឡាបាល់ទាត់បឹងកេត លោក គឹម ភក្តី លើកឡើងថា ច្បាស់ណាស់យើងប្រឹងប្រែង ដើម្បីឈ្នះពានលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ ដោយយើងកំពុងរៀបចំឲ្យបានល្អ និងកាន់តែ អត់ធ្មត់យកចិត្តទុកដាក់ខ្ពស់ ដើម្បីបន្តរក្សាការប្រជែងនៅកំពូលតារាង។

គ្រូបង្គោលរូបនេះបន្ថែមថា នៅសល់២ប្រកួតចុងក្រោយ ដែលក្រុមបឹងកេតនឹងត្រូវប៉ះជាមួយក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមភ្នំពេញក្រោន ដោយក្រុមទាំងពីរនេះសុទ្ធតែជាក្រុមដែលល្អ និងខ្លាំងៗ ទើបយើងត្រូវការលេងដោយយកចិត្តទុកដាក់បំផុត ដើម្បីទទួលលទ្ធផលល្អ។ ដូច្នេះ២ប្រកួតចុងក្រោយនេះពិតជាសំខាន់ ដើម្បីស្វែងរកពិន្ទុបន្ថែម ដោយពិន្ទុរបស់បឹងកេតមិនទាន់ដាច់ឆ្ងាយពីក្រុមលេខពីរនៅឡើយ ដោយលោកប្តេជ្ញាចិត្តថា នឹងប្រើប្រាស់បច្ចេកទេស និងការយកចិត្តទុកដាក់ខ្ពស់បំផុត សម្រាប់ពីរប្រកួតចុងក្រោយបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ។

ឆ្លងកាត់១៥ប្រកួត បឹងកេត ឈ្នះ១១ប្រកួត ស្មើ៤ប្រកួត និងមិនធ្លាប់ចាញ់ មាន៣៧ពិន្ទុ ឈរនៅលេខ១បណ្តោះអាសន្នចំនួនពីរពិន្ទុលើក្រុមការពារដំណែងជើងឯក រដូវកាល២០១៩ ព្រះខ័នរាជស្វាយរៀង ដែលមាន៣៥ពិន្ទុ ដោយឈ្នះ១១ប្រកួតដូចគ្នា ស្មើ២ប្រកួត និងចាញ់២ប្រកួត។ ២ប្រកួតចុងក្រោយរបស់បឹងកេត សុទ្ធតែនៅក្រៅទឹកដី ដោយជួបកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១១ ខែតុលា និង ភ្នំពេញក្រោន នៅថ្ងៃទី២៥ ខែតុលា។

ការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០២០នេះ ត្រូវកែសម្រួលនូវលក្ខខណ្ឌប្រកួត ក្រោយបញ្ចប់ជើងទី១ គឺគណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC) នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចែកចេញពីជាក្រុម ដោយក្រុមទី១ យក៦ក្រុមលើកំពូលតារាងពីលេខ១ដល់លេខ៦ ប្រកួតប្រជែងជើងឯក​ខណៈ​៧​ក្រុម​ពី​លេខ​៧​ដល់​លេខ​១៣ប្រកួតធម្មតា ហើយក្រុមបាតតារាង១ក្រុមត្រូវបានទម្លាក់ទៅលីគលំដាប់ទី២ ស្របពេលដែលក្រុមជើងឯកលីគ២នឹងឡើងមកជំនួសនៅលីគកំពូលវិញ នារដូវកាល ២០២១ ខាងមុខ៕ រូបភាព៖ ក្លឹបបាល់ទាត់បឹងកេត និង CNCC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT