​អបអរសាទរ! ក្រុម CFA ទទួល​បាន​លិខិត​សរសើរ​ពីឧបនាយក​រដ្ឋមន្ត្រី​ កែ គឹមយ៉ាន

ក្រុម​បាល់ទាត់ Cambodian Fan Club All Stars ​កាល​ពី​ពេល​ថ្មីៗ​នេះ ទើប​តែ​ទទួល​បាន​លិខិត​សរសើរ​ដែល​ទទួលស្គាល់ដោយ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ត្រី​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ និងចុះហត្ថលេខាដោយឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ​ហើយប្រគល់ជូនតាមរយៈឯកឧត្តម លី ឡាយ ជំនួយការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគ្រប់គ្រងអ្នកគាំទ្រក្លិបបាល់ទាត់ វិសាខា។

លិខិត​សរសើរ​ដែល​ទើប​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី ១៩ ​កញ្ញា ឆ្នាំ ២០២០ កន្លង​ទៅ​នេះ ផ្តល់​ជូន​ក្នុង​គោលបំណង​កោត​សរសើរ​ដល់​ក្រុម​បាល់ទាត់ Cambodian Fan Club all Stars ដែល​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​បាល់ទាត់​សប្បុរសធម៌ នៃ​យុទ្ធនាការ​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត និង​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ក៏ដូចជាគ្រោះថ្នាក់​នៃ​គ្រឿង​ញៀន ហើយ​សូម​ឲ្យ​យុវជន​ទាំង​អស់​បន្ត​ស្មារតី ចូលរួម​លេង​កីឡា ក្រោមពាក្យស្លោក៖ “បើស្រលាញ់ខ្លួនឯងនិងគ្រួសារ សូមមេត្តាកុំសេពគ្រឿងញៀន ហើយសូមចូលរួមលេងកីឡាដើម្បីជៀសឆ្ងាយពីគ្រឿងញៀន”

គួរ​បញ្ជាក់​ថា កម្មវិធី​ប្រកួត​មិត្តភាព​សប្បុរសធម៌​លើក​ទី ៣ ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុម​បាល់ទាត់ CFA ​និង​ក្រុម ៣ ​ផ្សេង​ទៀត​ទើប​តែ​បញ្ចប់​ទៅ​កាល​ពី​ចុង​សប្តាហ៍​មុន ដោយ​រៃអង្គាស​ថវិកា​បាន​ ៣ ៩៦៨ ដុល្លារ រាប់​ថា​ជា​ភាព​ជោគជ័យ​កាន់​តែ​ធំ​បន្ថែម​ទៀត​ធៀប​នឹង​ពេល​មុនៗ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT